លោក ឃ្លាំង ណារ័ត្ន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតកំពុងតែភ័យខ្លាច បាត់បង់ផលប្រយោជន៍ ដែលបានមកពីបទល្មើសធនធានធម្មជាតិ
ក្រចេះ÷ លោក ឃ្លាំង ណារ័ត្ន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត កំពុងឈឺក្បាលខ្លាចបាត់បង់ផលប្រយោជន៍ ខណៈមានការរាយការណ៍បង្ក្រាបបទល្មើសជាបន្តបន្ទាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
មួយរយៈកាលជិតមួយសប្តាហ៍កន្លងទៅនេះគេសង្កេត ឃើញមានការបង្ក្រាបបទល្មើសធនធានធម្មជាតិបានជាបន្តបន្ទាប់ក្រោយពីមានការរាយការណ៍ជូនទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ជាមួយគ្នានេះគេសង្កេតឃើញលោក ឃ្លាំង ណារ័ត្ន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ហាក់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ផលប្រយោជន៍ ដែលបានមកពីបទល្មើសធនធានកម្ពុជាតិនៅក្នុងដែលសមត្ថកិច្ចរបស់ខ្លួន។
ក្រោយពីមានការចាប់បង្ក្រាបរថយន្តដឹកធ្យូងក៏ដូចជា បង្ក្រាបរឹបអូសឈើជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រភូមិ 105 ឃុំថ្មីស្រុកចិត្របុរី ខេត្តក្រចេះ បែកធ្លាយប្រភពមួយចំនួនបានខ្សឹបប្រាប់ ដល់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ករណីបទល្មើសដែលកើតមាននៅក្នុងមូលដ្ឋានខាងលើ លោកឃ្លាំង ណារ័ត្ន មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់កន្ទួត រូបនេះ សុទ្ធតែទទួលបានផលប្រយោជន៍ រថយន្តដឹកធ្យូង រម៉ក ឬគោយន្តកន្ត្រៃដឹកឈើ ឬដឹកអុសរបស់ប្រជាពលរដ្ឋ នៅតំបន់ខាងលើ សុទ្ធតែបានបង់លុយឲ្យលោក ឃ្លាំង ណារ័ត្ន ។
ប្រភពបន្តថា លោក ឃ្លាំង ណារ័ត្ន ហាក់មានភាពប្រយ័ត្នប្រយែងចំពោះការទទួលលុយកាក់ផលប្រយោជន៍អំពីបទល្មើសព្រៃឈើទាំងនោះ តាមរយៈការផ្ញើតាមQR កូដធនាគារ ឬផ្ញើតាមវីង លោកមេព្រៃរូបនេះមិនព្រមទទួលនោះឡើយ លុះត្រាតែយកលុយទៅឲ្យដល់ដៃផ្ទាល់ ឬឲ្យតាមរយៈ មនុស្សពីរនាក់ដែលលោកមេព្រៃរូបនោះទុកចិត្តហើយប្រើឲ្យចាំទទួលផលប្រយោជន៍ ។
ក្នុងនោះម្នាក់ជាជនស៊ីវិលលោក ឃ្លាំង ណារ័ត្ន ប្រើឲ្យចាំនៅទីតាំងស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ដើម្បីប្រមូលផលប្រយោជន៍ពីការដឹកជញ្ជូនផលអនុផលព្រៃឈើ និងម្នាក់ទៀតជាមន្ត្រី លោក ឃ្លាំង ណារ័ត្ន ដាក់ឲ្យនៅចាំប្រមូលប្រយោជន៍ពីការដឹកជញ្ជូនផលអនុផលព្រៃឈើនៅផ្នែកខាងក្នុង ពោលគឺនៅតំបន់ភូមិសាស្ត្រភូមិ 105 ចាំរាប់ក្បាលឡាន រម៉កនិងគោយន្តកន្ត្រៃដឹកធ្យូងនិងឈើបន្តិចបន្តួចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ប្រភពពីពលរដ្ឋបានឱ្យដឹងថា ពាក់ព័ន្ធនិងសកម្មភាពបទល្មើសធនធានធម្មជាតិ ជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ លោក ឃ្លាំង ណារ័ត្ន តម្រូវឲ្យបង់លុយឱ្យខ្លួនផ្ទាល់ដៃឬក៏តាមរយៈមនុស្សជំនិតពីរនាក់របស់លោក ក៏បានដែរ សំខាន់ឲ្យតែ message ប្រាប់មុន ដោយឡែកសម្រាប់រថយន្តដឹកធ្យូង រម៉កឬគោយន្តកន្ត្រៃ ដឹកចេញមកក្រៅ គឺមានមនុស្សចំណិតរបស់លោកម្នាក់អង្គុយចាំរាប់ហើយគិតក្បាលឡានដើម្បីផ្ទៀងផ្ទាត់កុំឲ្យបាត់ចំនួនទិន្នន័យ ដែលគេបាន message ទៅលោកឃ្លាំងណារ័ត្នផ្ទាល់ ។
ប្រសិនបើមិនបង់លុយឲ្យទៅមន្ត្រីរដ្ឋបាលព្រៃឈើរូបនោះ នឹងត្រូវទទួលការព្រមាននិងចាប់បង្ក្រាប ប៉ុន្តែប្រសិនបើ សាច់ញាតិបងប្អូនរបស់មន្ត្រីរូបនោះ ឬក៏អ្នកដែលបានបង់លុយឲ្យជាប្រចាំ គឺអាចធ្វើសកម្មភាព ដឹកជញ្ជូនបានយ៉ាងសេរី មិនមានការរំខានពីសំណាក់មន្ត្រីពាក់ព័ន្ធនោះឡើយ។
ជាក់ស្ដែងមួយរយៈការចុងក្រោយនេះគឺឃើញមានការចាប់បង្ក្រាបបានជាបន្តបន្ទាប់ទាំងរថយន្តដឹកធ្យូងនិង គំនរឈើជាច្រើន ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ តែទោះជាយ៉ាងណាលោក ឃ្លាំង ណារ័ត្ន ជាមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន ហាក់មានភាពទើសទាល់មិនសប្បាយចិត្តនៅក្នុងការចូលរួមបង្ក្រាបទប់ស្កាត់នោះឡើយដោយសារតែខ្លាចបាត់បង់នូវផលប្រយោជន៍ដែលបានមកពី បទល្មើសធនធានធម្មជាតិទាំងនោះ។
ពាក់ព័ន្ធនឹងបញ្ហានេះក្រុមការងារយើងមិនអាចទំនាក់ទំនងសុំការបញ្ជាក់ពីលោក ឃ្លាំង ណារ័ត្ន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បាននៅឡើយទេ ដោយទូរសព្ទរបស់លោកពេលខលចូលតែអត់និយាយ ហើយជុំវិញពាក់ព័ន្ធនឹងព័ត៌មានដែលបានផ្សព្វផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។










Post a Comment