ជនដៃដល់ជាអតីតប្តីបាញ់សម្លាប់ប្រពន្ធនៅហាងសាឡន«ម៉ាមី»ក្នុងផ្សារទួលពង្រ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

 

រាជធានីភ្នំពេញ ៖ ជនដៃដល់ជាឃាតករ ដែលជាអតីតប្ដីបាញ់ និងវាយសម្លាប់ប្រពន្ធជាម្ចាស់ហាងសាឡន «ម៉ា មី» នៅខណ្ឌពោធិ៍សែនជ័យ កាលពី៣ថ្ងៃមុននោះ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួនបានហើយ ។

ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃ នៃពិធីបុណ្យចូលឆ្នាំទី២ ខណៈជនដៃដល់រូបនេះ រត់គេចទៅសម្ងំលាក់ខ្លួននៅក្នុងព្រៃមួយកន្លែង ស្ថិតនៅក្នុងភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ខេត្តកំពង់ចាម ។ បន្ទាប់មកនគរបាលបានសម្រេចបញ្ជូនខ្លួនឃាតកររូបនោះទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ។

ខ្មានកាំភ្លើងខាងលើឈ្មោះ ធូក ជី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រើង ឃុំបៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយនគរបាលពុំទាន់ប្រាប់ឲ្យដឹងលម្អិតអំពីចម្លើយសារភាពរបស់ជនដៃដល់ រូបនោះនៅឡើយទេ ព្រោះទើបតែចាប់បាននិងកំពុងស្ថិតនៅក្នុងការសាកសួរនៅឡើយ ។

ចំណែកស្ត្រីរងគ្រោះ ជាអតីតប្រពន្ធ ដែលរងការបាញ់ប្រហារ និងវាយសម្លាប់នោះ មានឈ្មោះ ជុន តឿ អាយុ២២ឆ្នាំ មុខរបរម្ចាស់ហាងសាឡន «ម៉ា មី» មានទីតាំងស្ថិតនៅក្នុងផ្សារទួលពង្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នាងមានទីលំនៅអចិន្ត្រៃយ៍នៅភូមិមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ហើយអ្នកទាំងបានលែងលះគ្នា២ខែមកហើយ ក្រោយមកជនដៃដល់ បានសុំត្រូវរ៉ូវ និងរួមរស់នៅជាមួយគ្នាវិញ ប៉ុន្តែនាងមិនព្រម ទើបត្រូវអតីតប្ដីកំណាចរូបនេះបាញ់ និងវាយសម្លាប់តែម្ដង ហើយនាងបានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ នៅក្រោយពេលកើតហេតុតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។

សូមរម្លឹកថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅក្នុងហាងសាឡនយីហោ«ម៉ា មី» និងតាមវាយបន្ថែមដល់ក្នុងហាងកាត់សក់យីហា «BORIN» នៅទល់មុខគ្នានោះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនោះ ។

Powered by Blogger.