ធនាគារពិភពលោកអនុម័តថវិកា ៣០០លានដុល្លារ ដើម្បីជួយពង្រឹងការតភ្ជាប់ផ្លូវដឹកជញ្ជូន និងឡូហ្ស៊ីស្ទិកកម្ពុជា
ភ្នំពេញ៖ ការខ្វះខាតបណ្តាញដឹកជញ្ជូន និងសមត្ថភាពឡូហ្ស៊ីស្ទិកដែលមានភាពធន់ នៅតែជាបញ្ហាសំខាន់រារាំងការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់តំបន់នៅកម្ពុជា។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោក បានអនុម័តកម្មវិធីកែលម្អការតភ្ជាប់តំបន់ (CRCI) ក្នុងទម្រង់អភិក្រមពហុដំណាក់កាល (MPA) ដែលមានថវិកាសរុប ៣០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ។
ដំណាក់កាលទី១ មានថវិកា ១៨០លានដុល្លារ នឹងផ្តោតលើការកែលម្អផ្លូវដឹកជញ្ជូនឲ្យមានភាពធន់ តាមបណ្តោយផ្លូវ Asian Highway 21 (AH21) និងពង្រឹងសមត្ថភាពគ្រប់គ្រងឡូហ្ស៊ីស្ទិកជាតិ។ គម្រោងនេះរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ១.៦ លាននាក់ រួមទាំងអ្នកប្រើប្រាស់ផ្លូវ និងសហគមន៍នៅតាមបណ្តោយផ្លូវ។
តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធឡូហ្ស៊ីស្ទិក កម្មវិធីនេះមានគោលបំណងបង្កើតការងារ ពង្រីកឱកាសចូលដំណើរការទីផ្សារ និងជំរុញការវិនិយោគឯកជន ក្នុងវិស័យដូចជា កសិឧស្សាហកម្ម សេវាកម្មដឹកជញ្ជូន និងទេសចរណ៍៕

Post a Comment