សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានសម្ដែងនូវការអរគុណចំពោះអង្គការ យូណេស្កូ ដែលបានចូលរួមចំណែកជួយដល់កម្ពុជានៅពេលកន្លងមក



សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ។ នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះអង្គការ យូណេស្កូ ដែលបានចូលរួមចំណែកជួយដល់កម្ពុជានៅពេលកន្លងមក។ សម្ដេចសង្ឃឹមថា ក្នុងបេសកកម្មរបស់ឯកឧត្តមតំណាងអង្គការយូណេស្កូនៅពេលនេះ នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអង្គការយូណេស្កូកាន់តែរឹងមាំបន្ថែមទៀត។ 

ឯកឧត្តម Flavio Bonetti បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងនូវទំនាក់ទំនងរវាងកម្ពុជា និង UNESCO ថា ជាទំនាក់ទំនងដ៏រឹងមាំនិងជ្រាលជ្រៅ។ ឯកឧត្តមបានបញ្ជាក់ថា អង្គការ UNESCO នឹងខិតខំប្រឹងប្រែងក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយនឹងកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ឯកឧត្តម Flavio Bonetti ហើយក៏បានពិភាក្សាជាមួយឯកឧត្តមទាក់ទងទៅនឹងកត្តាសំខាន់ៗមួយចំនួនដែល UNESCO បានយកចិត្តទៅដាក់ក្នុងការជួយកន្លងមក។

សម្ដេចតេជោបានមានប្រសាសន៍លើកឡើងឱ្យបន្តនូវការគាំទ្រ និងយកចិត្តទុកដាក់បន្ថែមទៀត នៅក្នុងនោះសម្ដេចលើកឡើងអំពីវិស័យអប់រំនៅកម្ពុជា ដោយសម្ដេចបានសង្កត់ធ្ងន់ថា ដើម្បីឱ្យកម្ពុជាខ្លាំង ត្រូវតែមានមូលធនមនុស្ស គឺធនធានមនុស្សខ្លាំងហើយមូលធនមនុស្សនោះឯងដែលជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់។ សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីការវិវត្តនៃវិស័យអប់រំកម្ពុជាចាប់តាំងពីចំណុចសូន្យ រហូតមកដល់ពេលនេះដែលយើងបានរីកចម្រើនក្នុងស្ថានភាពមួយល្អជាបន្តបន្ទាប់ក្នុងនោះសម្ដេចក៏បានលើកឡើងអំពីការចូលរួមរបស់ UNESCO ក្នុងការអភិរក្ស និងបន្តជួយគាំទ្របន្ថែមទៀតក្នុងការការពារនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាហើយ និងបន្តដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌទាំងនោះចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់។

ឯកឧត្តមតំណាងអង្គការយូណេស្កូក៏បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចតេជោ ជាពិសេសគឺពាក់ព័ន្ធទៅនឹងវិស័យអប់រំ។ បានលើកឡើងថា UNESCO គាំទ្រពេញទំហឹងក្នុងការសហការជាមួយនឹងស្ថាប័នដែលជាសេនាធិការរបស់រដ្ឋាភិបាលជាពិសេសក្រសួងអប់រំក្នុងការពង្រឹងបន្ថែមទៀតនៅក្នុងវិស័យអប់រំកម្ពុជា។ បន្ថែមពីលើនេះឯកឧត្តមក៏បានលើកឡើងអំពីការបន្តការគាំទ្រចំពោះការអភិរក្សសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាទាំងរូបីនិងអរូបី ហើយនិងបន្តជួយដល់កម្ពុជាក្នុងការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌដទៃទៀតទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។

នាឱកាសនោះផងដែរ សម្ដេចតេជោ និងឯកឧត្តមតំណាងអង្គការយូណេស្កូសុទ្ធតែបានលើកឡើងអំពីសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាដែលត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមកន្លងទៅ ជាពិសេសថ្មីៗនេះ តាមរយៈ សង្គ្រាមកម្ពុជា និងថៃហើយសម្ដេចបានប្រាប់ទៅឯកឧត្តមតំណាងយូណេស្កូ ថាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានរងគ្រោះ ជាពិសេសគឺប្រាសាទព្រះវិហារ។ 

ឯកឧត្តមតំណាងអង្គការ UNESCO ក៏បានសម្ដែងការសោកស្ដាយនិងក្រៀមក្រំ នៅពេលដែលបានឃើញនូវសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានបំផ្លាញជាពិសេសគឺប្រាសាទព្រះវិហារតែម្ដង ដោយឯកឧត្តមបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការជួសជុលនិងស្ដារនូវការខូចខាតនៅសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។








Powered by Blogger.