ក្រសួងសាធារណការ ៖ កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង១៩,៨៣ គីឡូម៉ែត្រ ក្នុងខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ



ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣ គីឡូម៉ែត្រ ពីគល់ស្ពានកោះធំ ដល់ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី យ៉សមីន ស៊ីដឌីហ្គី (Ms. YASMIN SIDDIQI) នាយិកាធនាគារ អភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងទៀតថា កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ១៩,៨៣ គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ ៣៤+៤០០ (ពីគល់ស្ពានកោះធំ) ស្ថិតក្នុងឃុំ ជ្រោយតាកែវ ឆ្លងកាត់ ឃុំលើកដែក ស្រុកកោះធំ រហូត ដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវជាតិលេខ១៤) ត្រង់គីឡូម៉ែត្រ លេខ៥៤+២៣៣ នៃភូមិសាស្រ្តខេត្តកណ្តាល។ គម្រោងនេះ មានទទឹងតួផ្លូវ ប្រវែង ១១ម៉ែត្រ ជាប្រភេទផ្លូវ ក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទី ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តនិងទោចក្រយានធ្វើចរាចរណ៍ (២គន្លង ទៅ-មក)។ 

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងនេះរួមបញ្ចូលនូវការស្ថាបនាស្ពានចំនួន៣កន្លែង ប្រវែងសរុប ១១៦,៤០ម៉ែត្រ ការដាក់លូគ្រប់ប្រភេទ កាត់ទទឹងផ្លូវចំនួន៤៨កន្លែង និងលូតាមប្រឡាយផ្លូវ ចំនួន៨កន្លែងប្រវែងសរុប ២ ៣៤២ម៉ែត្រ បំពាក់អំពូលសូឡា LED ចំនួន៨០កន្លែង ព្រមទាំងការបំពាក់ផ្លាកសញ្ញា គូសគំនូសសញ្ញា ដាំបង្គោល គីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ លើសពីនេះ គម្រោងនេះ ក៏មានការស្ថាបនារង្វង់ មូល១កន្លែង នៅត្រង់ចំណុចផ្លូវ ប្រសព្វទិស ចុះពីស្ពានកោះធំ ដើម្បី សម្រួល និងបញ្ចៀសទិសដៅ ចរាចរណ៍ទៅមក ប្រកបដោយសុវត្ថិភាព៕










Powered by Blogger.