អង់គ្លេសបើកដៃឱ្យអាមេរិកប្រើមូលដ្ឋានកងទ័ពរបស់ខ្លួននៅមជ្ឈិមបូព៌ា ដើម្បីវាយប្រហារទប់ទល់នឹង អ៊ីរ៉ង់



លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកបានទទួលយកសំណើរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេសសម្រាប់ការវាយប្រហារការពារប្រឆាំងនឹងមីស៊ីលអ៊ីរ៉ង់នៅក្នុងឃ្លាំងស្តុក ឬឧបករណ៍បាញ់មីស៊ីល។

លោក Starmer បានថ្លែងនៅក្នុងសារវីដេអូមួយនៅលើ X ថា "សហរដ្ឋអាមេរិកបានស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេសសម្រាប់គោលបំណងការពារជាក់លាក់ និងមានកំណត់នោះ។ យើងបានសម្រេចចិត្តទទួលយកសំណើនេះ ដើម្បីទប់ស្កាត់ការបាញ់មីស៊ីលរបស់អ៊ីរ៉ង់នៅទូទាំងតំបន់"។

លោក Starmer បានបញ្ជាក់ជាថ្មីថា ចក្រភពអង់គ្លេសមិនបានចូលរួមក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសនេះ គឺលោក Ali Khamenei កាលពីថ្ងៃសៅរ៍នោះទេ ហើយ ចក្រភពអង់គ្លេសនឹងមិនចូលរួមការវាយប្រហារបន្ថែមទៀតនោះដែរ។

ប៉ុន្តែលោកបាននិយាយថា អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងតំបន់ ហើយមីស៊ីលរបស់ខ្លួនបានវាយប្រហារអាកាសយានដ្ឋាន និងសណ្ឋាគារដែលពលរដ្ឋអង់គ្លេសកំពុងស្នាក់នៅ។

លោកបាននិយាយថា ដៃគូរបស់ចក្រភពអង់គ្លេសនៅតំបន់ឈូងសមុទ្របានស្នើសុំឱ្យលោកធ្វើសកម្មភាពបន្ថែមទៀតដើម្បីការពារពួកគេ ហើយវាជាកាតព្វកិច្ចរបស់លោកក្នុងការការពារជីវិតរបស់អង់គ្លេស។

Powered by Blogger.