កូរ៉េខាងជើងបានចេញផ្សាយរូបភាពដ៏កម្រមួយ ដែលបង្ហាញពីកូនស្រីជំទង់វ័យ១៣ ឆ្នាំ របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងបាញ់កាំភ្លើង sniper

 


ប្រទេសកូរ៉េខាងជើងបានចេញផ្សាយរូបភាពដ៏កម្រមួយនៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលបង្ហាញពីកូនស្រីជំទង់វ័យ១៣ ឆ្នាំ របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងបាញ់កាំភ្លើង sniper នៅឯទីលានបាញ់កាំភ្លើង ដោយគេដាក់ការសង្ស័យថាយុវតីរូបនេះកំពុងត្រូវបានរៀបចំជាអ្នកស្នងតំណែងបន្តដើម្បីពង្រឹងអំណាចត្រកូលគីមជំនាន់ទី៤។

តាមរយៈរូបភាពបានបង្ហាញថា នៅទីលានបាញ់កាំភ្លើងក្រៅផ្ទះ គីម ជូអេ កំពុងបាញ់កាំភ្លើង sniper ដោយកំពុងសម្លឹងមើលតាមកែវយឹតកាំភ្លើងតម្រង់ទៅគោលដៅ។ អ្វីដែលគេសង្កេតឃើញមួយទៀត គឺនាងតែងស្លៀកសម្លៀកបំពាក់ ដូចជាអាវស្បែក ដែលជាសម្លៀកបំពាក់ដែលកូនស្រី និងឪពុកទាំងពីរនាក់ តែងតែពាក់នៅក្នុងព្រឹត្តិការណ៍នយោបាយសំខាន់ៗ ដែលជានិមិត្តរូបនៃអំណាច និងភាពស្របច្បាប់នៃអំណាចខ្លួន។

ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបាននិយាយ ថា ទីក្រុងព្យុងយ៉ាងហាក់ដូចជាបានចាប់ផ្តើមហ្វឹកហ្វឺន គីម ជូអេ ដែលទំនងជាអ្នកស្នងតំណែងរបស់មេដឹកនាំគីម ។ បើមើលលើសមត្ថភាពរបស់យុវតី គីម ជូអេ ក្នុងការគ្រប់គ្រង និងបាញ់អាវុធ ក្នុងរូបថតទាំងនោះ បានបង្ហាញថានាងពិតជាកំពុងទទួលបានការបណ្តុះបណ្តាលជាអ្នកស្នងតំណែង។ នេះបើតាមការឱ្យដឹងរបស់ លោក Yang Moo-jin អតីតប្រធានសាកលវិទ្យាល័យសិក្សាកូរ៉េខាងជើងនៅទីក្រុងសេអ៊ូលថ្លែងប្រាប់ AFP។

យុវតី គីម ជូអេ ត្រូវបានគេមើលឃើញជាយូរមកហើយថា នឹងក្លាយជាអ្នកបន្ទាប់ដើម្បីគ្រប់គ្រងរដ្ឋដ៏ឯកោ និងប្រដាប់អាវុធនុយក្លេអ៊ែរមួយនេះ។ គេបានសង្កេតឃើញថា នាងតែងបានចូលរួមក្នុងពិធីជប់លៀងធំៗជាបន្តបន្ទាប់នាពេលថ្មីៗនេះ រួមទាំងក្បួនដង្ហែយោធានៅសប្តាហ៍នេះផងដែរ ដែលជាដំណាក់កាលបិទនៃសមាជបក្សដ៏សំខាន់របស់កូរ៉េខាងជើង។ អ្នកជំនាញកិច្ចការកូរ៉េ Leif-Eric Easley យល់ថា ការបង្ហាញខ្លួនចុងក្រោយរបស់យុវតីរូបនេះ បានបង្ហាញពីឋានៈខ្ពស់ក្នុងនាមជាកូនស្រីមេដឹកនាំកូរ៉េខាងជើង។ យ៉ាងនេះនាងប្រហែលជាមិនទាន់គ្រប់អាយុដើម្បីចូលរួមក្នុងសមាជ ជាមួយនឹងតំណែងគណបក្សផ្លូវការនៅឡើយទេ។

ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបាននិយាយថា គីម ជូអេ អាចនឹងត្រូវបានតែងតាំងឱ្យឡើងជំនួសឪពុករបស់នាងជាមេដឹកនាំរដ្ឋ។ សមាជបក្សបានផ្តោតការចាប់អារម្មណ៍ថា តើនាងនឹងទទួលបានតំណែងផ្លូវការនៅក្នុងព្រឹត្តិការណ៍បក្សឬអត់ ប៉ុន្តែលោកគីម គ្រាន់តែដាក់កូនស្រីឱ្យនៅក្បែរៗក្នុងការបង្ហាញខ្លួនជាសាធារណៈនៅក្នុងក្បួនដង្ហែយោធាមួយកាលពីថ្ងៃពុធ ដើម្បីប្រារព្ធសមាជបក្សលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំ។

យ៉ាងណា អ្នកវិភាគបានព្រមានថា រូបភាពស្នងតំណែងនៅតែមិនស្ថិតស្ថេរ ហើយអាចផ្លាស់ប្តូរអាស្រ័យលើឥទ្ធិពលអំណាចផ្ទៃក្នុង រួមទាំងឥទ្ធិពលរបស់ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកគីមជុងអ៊ុន គឺលោកស្រីយ៉ូជុង។

គួរឱ្យដឹងថា ថ្មីៗនេះមេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន បានតែងតាំងកូនស្រីអាយុ ១៣ ឆ្នាំរបស់លោក គឺយុវតី គីម ជូអេ ជាប្រធាននាយកដ្ឋានមីស៊ីល។ នាយកដ្ឋាននេះត្រួតពិនិត្យកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់កាសែតកូរ៉េខាងត្បូង The Chosun Daily ដោយដកស្រង់ប្រភពរដ្ឋាភិបាលកូរ៉េខាងត្បូង និងចារកម្មរបស់ប្រទេស៕

Powered by Blogger.