អ្នកនាំពាក្យ៖ អាកាសចរណ៍ស៊ីវិលកម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយ ពីការផ្អាកជើងហោះហើរថៃមកកម្ពុជានៅឡើយទេ, លិខិតភាសាថៃ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម គឺជាលិខិតក្លែងក្លាយ
ភ្នំពេញ៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អាកាសចរណ៍ស៊ីវិលកម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយ និយាយពីការផ្អាកជើងហោះហើរថៃមកកម្ពុជានៅឡើយទេ។
ការចេញមកបញ្ជាក់បែបនេះ របស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបន្ទាប់ពីមានព័ត៌មាន នៅតាមបណ្ដាញសង្គមជាច្រើនផ្សព្វផ្សាយនូវលិខិតជាភាសាថៃមួយ ដែលលើកឡើងថា ថៃបានសម្រេចផ្អាកជើងហោះហើរ ជាមួយកម្ពុជាទាំងស្រុង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ប៉ុន្តេលិខិតនេះត្រូវបានអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល អះអាងថាជាលិខិតក្លែងក្លាយ។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ អាកាសចរណ៍ស៊ីវិលកម្ពុជា មិនទានទទួលបានលិខិតផ្លូវការណាមួយ ពីការផ្អាកជើងហោះហើរថៃមកកម្ពុជានោះទេ ហើយអាកាសចរណ៍ស៊ីវិល នឹងបន្ដតាមដានអំពីរឿងនេះ ហើយបើមានអ្វីប្រែប្រួល នឹងធ្វើការជូនដំណឹង»។
បន្ថែមពីនោះទៀត លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា លិខិតដែលគេចែកចាយ នៅលើបណ្ដាញសង្គម គឺជាលិខិតក្លែងក្លាយ ព្រោះថា នៅក្នុងសរសេរឈ្មោះ និងឆ្នាំខុស ជាពិសេសនៅក្នុងនោះ អត់មានឈ្មោះអ្នកចុះហត្ថលេខា ហើយអ៉ីម៉ែលក៏សរសេរខុសដែរ៕


Post a Comment