កម្ពុជា ប្រទេសចុងក្រោយដែលមានសត្វត្មាតថេ ខណៈដែលប្រទេសជិតខាងបានផុតពូជទៅហើយ
ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) ដែលមានសមាជិកជាអគ្គនាយកដ្ឋានជំនាញរបស់រាជរដ្ឋាភិបាល និងអង្គការអភិរក្សនានា បានរួមគ្នាប្រកាសព័ត៌មាន អំពីរបាយការណ៍លទ្ធផលអភិរក្សប្រចាំឆ្នាំ២០២៤ ដោយបានរំលេចអំពីលទ្ធផលនៃការងារអភិរក្សដែលសម្រេចបានសំខាន់ៗ និងកត្តាព្រួយបារម្ភមួយចំនួនដែលបណ្តាលអោយមានផលប៉ះពាល់ដល់របាយសត្វត្មាតនៅក្នុងប្រទេសកម្ពុជា។ អស់រយៈពេលជាង២០ឆ្នាំមកនេះ ប្រទេសកម្ពុជា គឺជាទីជម្រកដ៍សំខាន់សម្រាប់សត្វត្មាតដែលងាយរងគ្រោះ និងជិតផុតពូជបំផុត ដែលមានសេសសល់នៅអាស៊ីអាគ្នេយ៍ សត្វត្មាតទាំងនោះរួមមាន៖ ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង។ ដោយសារសត្វត្មាតត្រូវបានផុតពូជទៅហើយនៅប្រទេសជិតខាង ប្រទេសកម្ពុជាបានក្លាយជាបន្ទាយចុងក្រោយសម្រាប់ទ្រទ្រង់ប្រភេទសត្វត្មាតដែលនៅសេសសល់។
របាយការណ៍លទ្ឋផលប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ជាលទ្ធផលថ្នាក់ជាតិដែលបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជារួមមាន៖ ក្រសួងបរិស្ថាន,អគ្គនាយកដ្ឋានតំបន់ការពារ ធម្មជាតិ, រដ្ឋបាលព្រៃឈើ, នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ, មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ, អង្គការជីវិតធម្មជាតិនៅកម្ពុជា, អង្គការសមាគមអភិរក្សសត្វព្រៃ, មូលនិធិសាកលសម្រាប់ធានធានធម្មជាតិ, សំ វាសនា ខន់សឺវេសិនធួរ, សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា, និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ។
ក្នុងឆ្នាំ២០២៤ សាកសពគោចំនួន១២៦ក្បាលត្រូវបានផ្តល់ ជាអាហារដល់សត្វត្មាតនៅតាមអាហារដ្ឋានត្មាតទាំងអស់ដែលមាន ពោលគឺជាចំនួនសាកសពគោដែលផ្តល់អោយសត្វត្មាតដ៏ច្រើនមិនធ្លាប់មាន ក្នុងនោះអាហារដ្ឋាននៅដែនជម្រកសត្វព្រៃសៀមបាងនាខេត្តស្ទឹងត្រែង ផ្តល់សាកសពគោ៥២ក្បាល អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃឆែបផ្តល់៤៧ក្បាល ដោយលែកឡែកសាកសពគោ២៧ក្បាលទៀត ត្រូវបានផ្តល់នៅអាហារដ្ឋានបីទៀត គឺដែនជម្រកសត្វព្រៃសំបូរ ដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រែស្រែពក។ លទ្ធផលជំរឿនត្មាតនៅតាមទីតាំងអាហារដ្ឋានត្មាតទូទាំងប្រទេស កត់ត្រាបានត្មាតសរុបចំនួន ១៤៣ក្បាល ដែលជាលទ្ធផលខ្ពស់បំផុតបើគិតចាប់តាំងពីឆ្នាំ២០១៩។ សំបុកត្មាតសរុបមានចំនួន ១៩សំបុក ត្រូវបានរកឃើញ ធ្វើការអង្កេតតាមដាន និងការពារក្នុងឆ្នាំ២០២៤ ជាលទ្ធផលកូនចំនួន១៦ក្បាល បានញាស់និងហើរចេញពីសំបុកយ៉ាងជោគជ័យ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះក៏បានបង្ហាញផងដែរអំពីកត្តាប្រឈមមួយចំនួនដែលបានកើតឡើងចំពោះសត្វត្មាត។ ករណីបំពុលដែលធ្វើឡើងទៅលើសត្វស្រុក និងសត្វព្រៃនៅតែបន្តកើតមាននៅតាមទីតាំងសំខាន់ៗ ដែលមាននៅក្នុងរបាយសត្វត្មាតក្នុងឆ្នាំ២០២៤។ ខណៈដែរសត្វត្មាតដើរតួនាទីយ៉ាងសំខាន់ក្នុងការស៊ីសាកសពជាកាកសំណល់ សត្វត្មាត ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ បើពួកគេស៊ីសាកសពសត្វដែលស្លាប់ដោយការបំពុល។
របាយការណ៍ឆ្នាំ២០២៤នេះសង្កត់ធ្ងន់អំពីតម្រូវការក្នុងការពង្រឹងការអនុវត្តច្បាប់ដើម្បីដោះស្រាយបញ្ហាបំពុលសត្វព្រៃ ការពង្រឹងកិច្ចសហការជាមួយសហគមន៍មូលដ្ឋាន និងតម្រូវការមូលនិធិរយៈពេលវែងដើម្បីបន្តអនុវត្តផែនការអភិរក្ស។ «សត្វត្មាតនៅក្នុងប្រទេសកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌធម្មជាតិរបស់យើង។ ពួកវាមានតួនាទីដ៏សំខាន់ក្នុងការបោស សម្អាតសាកសពនិងជាសូចនាករចង្អុលបង្ហាញអំពីសុខភាពប្រព័ន្ធអេកូឡូស៊ី»។ នេះជាប្រសាសន៍លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថាន។ អ្នកនាំពាក្យនៃក្រសួងបរិស្ថានបានបញ្ជាក់ថា «ជាព័ត៌មានដ៏រីករាយ និងលើកទឹកចិត្តដែលថាសត្វត្មាតយើងមិនមានការធ្លាក់ចុះ ក៏ប៉ុន្តែពួកវានៅមានចំនួនតិចនៅឡើយ ហេតុនេះយើងត្រូវបន្តសកម្ម ភាពអភិរក្ស ដើម្បីធានាបាននូវការរស់រានមានជីវិតយូរអង្វែងរបស់ពួកវា»៕
Post a Comment