ទីភ្នាក់ងារការពារជនស៊ីវិលហ្គាហ្សានិយាយថា ការបាញ់ប្រហាររបស់អ៊ីស្រាអែលបណ្តាលឱ្យអ្នករត់រកជំនួយ ៩៣ នាក់បាត់បង់ជីវិត

បរទេស ៖ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ហ្គាហ្សាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើហ្វូងជនប៉ាឡេស្ទីនដែលព្យាយាមប្រមូលយកជំនួយមនុស្សធម៌នៅក្នុងទឹកដីប៉ាឡេស្ទីនដែលហែកហួរដោយសង្រ្គាមកាលពីថ្ងៃទី ២០ ខែកក្កដា បណ្តាលឱ្យមនុស្ស ៩៣ នាក់បាត់បង់ជីវិត និងរបួសរាប់សិបនាក់ទៀត។

មនុស្ស ៨០ នាក់ត្រូវបាននាត់បង់ជីវិត ខណៈដែលរថយន្តដឹកជំនួយបានមកដល់ភាគខាងជើង ខណៈដែល ៩ នាក់ផ្សេងទៀតត្រូវបានបាញ់បញ្ចប់ជីវិតនៅជិតទីតាំងចែកជំនួយមួយនៅក្បែរក្រុង Rafah ភាគខាងត្បូង ជាកន្លែងដែលមនុស្សរាប់សិបនាក់បានបាត់បង់ជីវិតក្នុងរយៈពេល ២៤ ម៉ោងមុន។

អ្នកនាំពាក្យទីភ្នាក់ងារខាងលើ លោក Mahmud Basal បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា មានមនុស្សបួននាក់ត្រូវបានបញ្ចប់ជីវិតនៅក្បែរកន្លែងផ្តល់ជំនួយមួយទៀតក្នុងទីក្រុង Khan Younis នៅភាគខាងត្បូង។

អង្គការកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បាននិយាយថា ក្បួនរថយន្តដឹកជំនួយ ២៥ គ្រឿងរបស់ខ្លួន ដែលដឹកជំនួយស្បៀងអាហារ «បានជួបហ្វូងជនស៊ីវិលដែលស្រេកឃ្លានយ៉ាងខ្លាំងជាច្រើននាក់ ដែលបានរងការបា.ញ់ប្រហារ»នៅជិតទីក្រុងហ្គាហ្សា ភ្លាមៗបន្ទាប់ពីក្បួនបានឆ្លងកាត់ពីប្រទេសអ៊ីស្រាអែល និងបានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ។

យោធាអ៊ីស្រាអែលបានជំទាស់នឹងចំនួនអ្នកស្លាប់នេះ ហើយបាននិយាយថា ទាហានបានបាញ់ព្រមាន «ដើម្បីលុបចោលការគំរាមកំហែងភ្លាមៗចំពោះពួកគេ»នៅពេលដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅជិតទីក្រុងហ្គាហ្សា។

ការបាត់បង់ជីវិតជនស៊ីវិលដែលកំពុងស្វែងរកជំនួយបានក្លាយទៅជារឿងធម្មតាទៅហើយនៅក្នុងតំបន់ហ្គាហ្សា ដោយអាជ្ញាធរបានស្តីបន្ទោសទៅលើការបា.ញ់ប្រហាររបស់អ៊ីស្រាអែល ខណៈដែលហ្វូងមនុស្ស ដែលកំពុងប្រឈមមុខនឹងការខ្វះខាតអាហាររ៉ាំរ៉ៃ និងសម្ភារៈសំខាន់ៗផ្សេងទៀត បានប្រមូលផ្តុំគ្នាយ៉ាងច្រើនកោះករនៅមជ្ឈមណ្ឌលផ្តល់ជំនួយ។




អង្គការសហប្រជាជាតិបាននិយាយនៅដើមខែនេះថា អ្នកស្វែងរកជំនួយជិត ៨០០ នាក់ត្រូវបានបាត់បង់ជីវិតចាប់តាំងពីចុងខែឧសភា រួមទាំងនៅលើផ្លូវនៃក្បួនដឹកជំនួយ៕(ប្រែសម្រួលដោយ ពិសិដ្ឋ សំណាង)

Powered by Blogger.