ទណ្ឌិតចំនួន ១៩២នាក់ ដែលបានបញ្ចប់នីតិវិធីរួចរាល់នៅតុលាការ និងកំពុងឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល ត្រូវបានដឹកជញ្ជូនផ្ទេរយកទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ នៅស្រុកតាលោសែនជ័យ ខេត្តពោធិសាត់
ភ្នំពេញ៖ ទណ្ឌិតចំនួន ១៩២នាក់ ដែលបានបញ្ចប់នីតិវិធីរួចរាល់នៅតុលាការ និងកំពុងឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល ត្រូវបានដឹកជញ្ជូនផ្ទេរយកទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដែលមានទីតាំងនៅស្រុកតាលោសែនជ័យ ខេត្តពោធិសាត់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។
បើយោងតាម លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ថា នេះជាសកម្មភានៃអនុវត្តតួនាទីរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការរៀបចំឱ្យបានរៀបរយនូវការគ្រប់គ្រងជនជាប់ឃុំ។ ពោលគឺអ្នកជាប់ឃុំដែលបានបញ្ចប់នីតិវិធីតុលាការរួចរាល់ ត្រូវរៀបចំឱ្យពួកគាត់ទៅកាន់មណ្ឌលអប់រំកែប្រែ ហើយទីតាំងដែលជាកន្លែងស្ដារនីតិសប្បទាពិតប្រាកដ គឺនៅតាមមណ្ឌលអប់រំកែប្រែ។
ម្យ៉ាងទៀត ក្រៅពីការផ្ទេរ ទណ្ឌិត ទៅកាន់មណ្ឌលអប់រំកែប្រែហើយនោះ ក៏ដើម្បីរំដោះស្ថានភាពចង្អៀតណែននៅតាមពន្ធនាគារផងដែរ ដែលទាមទារឱ្យមានការផ្ទេរចេញ ទៅកន្លែងមួយដែលសមស្រប។ នៅមួយរយៈចុងក្រោយនេះ មានចរន្តនៃការផ្ទេរអ្នកទោស ត្រូវបានធ្វើឡើងជាញឹកញាប់នៅគ្រប់អង្គភាពទូទាំងប្រទេស ពោលគឺពីពន្ធនាគារដែលមានភាពចង្អៀតណែនទៅកាន់កន្លែងដែលមានភាពធូរស្រាល ជាពិសេសនៅតាមមណ្ឌលអប់រំកែប្រែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។
ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ដើម្បីអាចផ្ទេរអ្នកជាប់ឃុំពីពន្ធនាគារមួយទៅពន្ធនាគារមួយ ជាដំបូងឡើយត្រូវមានគោលការណ៍ពីក្រសួងមហាផ្ទៃក្នុងការអនុញ្ញាតឱ្យផ្ទេរទៅតាមបញ្ជីរឈ្មោះដែលបានស្នើទៅ បន្ទាប់មកទើបមានការរៀបចំកម្លាំង និងរថយន្តសម្រាប់ដឹកនាំជញ្ជូន។ ជាក់ស្ដែងសម្រាប់ការដឹកជញ្ជូនផ្ទេរអ្នកទោសទាំង១៩២នាក់ មានការចូលរួមសហការពីកម្លាំងនៃនាយកដ្ឋានសន្តិសុខ, កម្លាំងប្រតិបត្តិនៃអគ្គនាយកដានពន្ធនាគារ, កម្លាំងពីអង្គភាពពន្ធនាគារ ជាពិសេសក៏មានចូលរួមពីកងកម្លាំងនៃអគ្គស្នងការនគរបាលជាតិ ដែលបានចូលរួមតាមការស្នើរសុំនៅពេលមានការដឹកជញ្ជូនផ្ទេរអ្នកទោសមានចំនួនច្រើនដូច្នេះ។
ក្រៅពីនេះ ក៏មានកងកម្លាំងនៅតាមមូលដ្ឋាន បានចេញមកជួយសម្របសម្រួលរហូតទាល់តែកាដឹកជ្ជូនបានទៅដល់គោលដៅដោយជោគជ័យ។
បើតាមប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ បានឱ្យដឹងទៀតថា រាល់ការដឹកនាំជញ្ជូននាពេលកម្លងមកត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការរៀបចំរបៀបរៀបរយធ្វើយ៉ាងណាការពារសុខសុវត្ថិភាពដល់អ្នកជាប់ឃុំ និងកម្លាំងដែលចូលរួមទាំងអស់ តាមរយៈការត្រៀបទុកជាមុនគ្រប់ជ្រុងជ្រោយ បញ្ចៀសបាននូវហានិភ័យជាអតិបរមា ធ្វើឱ្យបេសកកម្មដឹកជញ្ជូនអ្នកជាប់ឃុំរាល់លើកទទួលបានជោគជ័យ។
សូមបញ្ជាក់ថា បច្ចុប្បន្នមណ្ឌលអប់រំកែប្រែទី៤ខេត្តពោធិសាត់ មានអ្នកជាប់ឃុំប្រមាណជាង២០០០នាក់ ដែលត្រូវបានបញ្ជូនមកពីពន្ធនាគារនានា បូករួមទាំងអ្នកទោសថ្មីទើបបានបញ្ជូនពីពន្ធនាគារចំនួន១៩២នាក់ ពីពន្ធនាគារខេត្តកណ្ដាល។ បើតាមការបញ្ជាក់របស់ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី ប្រធានមណ្ឌលអប់រំកែប្រែទី៤ តាមរយៈហេដ្ឋារចនាសម្ព័ន្ធមានស្រាប់មណ្ឌលអប់រំកែប្រែមួយនេះ អាចទទួលអ្នកជាប់ឃុំបានប្រមាណជុំវិញ៣០០០នាក់ ដោយពួកគេត្រូវបានស្ដារនីតិសប្បទា និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូចជា តបណ្ដាញអគ្គិសនី ជាងដែក បរិក្ខាត្រជាក់តាមគេហដ្ឋាន កសិកម្មចិញ្ចឹមសត្វ និងដាំដុះសំណាំផ្សេងៗ និងមុខជំនាញមួយចំនួនទៀត ដើម្បីកាត់បន្ថយបទល្មើសសារជាថ្មីនៅពេលត្រឡប់ទៅសហគមវិញ។
ក្រៅពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានស្រាប់នាពេលកន្លមកង មណ្ឌលអប់រំកែប្រែទី៤ តែងទទួលបានកិច្ចសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ដំណើការបើកវគ្គបណ្ដុះបណ្ដាលដល់សិក្ខាកាមជាអ្នកជាប់ឃុំ ដោយពួកគេទទួលបានការបណ្ដុះបណ្ដាលពីគ្រូជំនាញមកពីវិទ្យាស្ថានតែម្ដង៕










Post a Comment