សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា ការប្តឹងទៅកាន់តុលាការ ICJ គ្មានការកែប្រែនោះឡើយ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា បានប្រកាសអះអាងយ៉ាងច្បាស់ថា ករណីសំណុំ រឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី គឺនៅតែបន្តប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដោយគ្មានការកែប្រែនោះឡើយ ហើយសម្តេចក៏បានបញ្ជាក់ផងដែរថា ការដែលកងទ័ព នៃប្រទេសទាំងពីរ(កម្ពុជា-ថៃ) ធ្វើការកែសម្រួលកងទ័ពកាលពីម្សិលមិញគឺគ្រាន់តែសម្រួលស្ថានភាព តានតឹងប៉ុណ្ណោះពុំមែនជាការដកកងទ័ពដូចការព្រួយបារម្ភពីសំណាក់បងប្អូនប្រជាពលរដ្ឋនោះឡើយ។
ឆ្លើយតបតាមរយៈខាំមិនហ្វេសបុក នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះភ្លាមៗ បន្ទាប់ពីសម្តេចតេជោបានបង្ហោះសារថា «ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-ថៃដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។
ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។ សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះ ដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង»។
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះមានបងប្អូនប្រជាពលរដ្ឋបានចូល មកខាំមិនដោយមតិខុសៗគ្នា។ តែយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរបស់កម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗតាមរយៈខំាមិនឆ្លើយតបថា «រៀនយល់មិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ តែជាការកែសម្រួលកម្លាំងក្នុងទឹកដីរបស់ខ្លួន»។ សម្តេចតេជោ បានឆ្លើយតបបន្ថែមទៀតថា«ការកែសម្រួលកម្លាំងក្នុងទឹកដីខ្លួន។ ការកែសម្រួលប្រៀបដូច ជានៅលើគ្រែដេកពីមុនដេកក្បាលទៅជើង តែពេលនេះដេកក្បាលទៅកើតវិញ។ ដីយើងនៅតែជាដីយើង...»។ សម្តេចតេជោ ហ៊ុន សែនបានអះអាងថា«រឿងប្តឹងទៅ ICJមិនប្រែប្រួលទេ»។
សូមបញ្ជាក់ថា នាល្ងាចព្រលបថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងការ ពារជាតិកម្ពុជា បានបញ្ជាក់ថា យោធាកម្ពុជា និងថៃបានជួបគ្នា និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឲ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង និងប្រឈមមុខដាក់គ្នា៕ អត្ថបទ៖ បាន ចក់
Post a Comment