ព្រិន្ទបាលឯក សួន រ៉ោន ត្រូវតម្លើងឋានន្តរស័ក្តិឋានៈជា «អនុសេនីយ៍ឯក ឬស័ក្ដិ៣» ជាកិច្ចបច្ឆាមរណៈ

 

ព្រិន្ទបាលឯក សួន រ៉ោន ដែលបាត់បង់ជីវិតព្រោះការឈ្លានពាន និងបាញ់សម្លាប់ពីសំណាក់កងទ័ពថៃ កាលពីថ្ងៃម្សិលមិញ នៅក្នុងលេណដ្ឋាន ត្រូវបានតម្លើងឋានន្តរស័ក្ដិឋានៈបច្ឆាមរណៈកិត្តិយស ក្នុងឋានៈជា អនុសេនីយ៍ឯក។ ពិធីបំពាក់ឋានន្តរស័ក្ដិឋានៈបច្ឆាមរណៈកិត្តិយស ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា។

សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកការបាត់បង់ព្រិន្ទបាលឯក សួន រ៉ោន ថាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលលះកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស និង រួមចំណែកយ៉ាងសកម្មក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជា។

ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា ចាត់ទុកការបាត់បង់ព្រិន្ទបាលឯក សួន រ៉ោន ថាជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ដែលតែងបានលះបង់អស់ពីកម្លាំងកាយ ចិត្ត បញ្ញាស្មារតី ធ្វើពលិកម្មគ្រប់បែប យ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។


Powered by Blogger.