ឯកឧត្ដមរដ្ឋមន្រ្ដី ឡាំ ជា បានដឹកនាំគណៈប្រតិភូអញ្ជើញចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ ព្រមទាំងពិនិត្យស្ថានភាពតំបន់ដែលមានហានិភ័យនៃការបាក់ច្រាំង នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម
កណ្តាល ៖ នាព្រឹកថ្ងៃចន្ទ
ទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ឡាំ ជា
រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
និងជាប្រធានគណៈកម្មការអន្ដរក្រសួង
ដើម្បីសិក្សានិងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម
បានដឹកនាំគណៈប្រតិភូនៃសមាជិកគណៈកម្មការអន្ដរក្រសួង
ដើម្បីចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ
ព្រមទាំងពិនិត្យស្ថានភាពតំបន់ដែលមានហានិភ័យនៃការបាក់ច្រាំង
នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅទីតាំងភូមិសាស្ត្រ
សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល
ដោយមានវត្ដមាននៃការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម រដ្ឋលេខាធិការ
អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលខេត្ដ អគ្គនាយករង
ព្រមទាំងមន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន។
ការចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំនេះ
ធ្វើឡើងក្នុងគោលបំណងចម្បងសំខាន់ចំនួនបីដែលរួមមាន (១)
ការពិនិត្យនិងវាយតម្លៃសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងច្រាំងព្រែកជ្រៃធំ
(២)ការពិនិត្យតំបន់មានហានិភ័យដែលត្រូវបន្តការសាងសង់សំណង់ការពារច្រាំង
និងផលប៉ះពាល់នានា និង (៣)
ការដាក់ចេញនូវផែនការសកម្មភាពសម្រាប់ជាទិសដៅការងារបន្តរបស់គណៈកម្មការអន្ដរក្រសួង។
សូមគូសបញ្ជាក់ថា
ក្នុងរយៈពេល៥ឆ្នាំកន្លងមក គណៈកម្មការអន្តរក្រសួង
បានខិតខំសហការគ្នាយ៉ាងសស្រាក់សស្រាំដើម្បីធ្វើការដោះស្រាយនូវបញ្ហាបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ
តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដោយសម្រេចបានសមិទ្ធផលគួរជាទីមោទន
ដែលសមិទ្ធផលទាំងអស់នេះកើតចេញពីគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត
និងគំនិតស្នេហាជាតិដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចក្រឡាហោម ស ខេង
អតីតឧបនាយករដ្ឋមន្ត្រី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត
និងប៉ិនប្រសព្វដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
អតីតនាយករដ្ឋមន្រ្តី
និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្ដែង
ក្រោមការបន្ដដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានបន្ដយកចិត្ដទុកដាក់ខ្ពស់ក្នុងការជំរុញសម្រេចឱ្យបានជាបន្ដបន្ទាប់ក្នុងការសាងសង់និងការពារច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ
ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា
ក្នុងបុព្វហេតុនៃកិច្ចការពារថែរក្សាអធិបតេយ្យនិងបូរណភាពទឹកដី៕
Post a Comment