កងទ័ពមួកខៀវកម្ពុជា បង្ហាញជំនាញកម្ទេចគ្រាប់កម្រិតអាជីព នៅអាហ្វ្រិកកណ្តាល!



សាធារណរដ្ឋអាហ្វ្រិកកណ្តាល៖ កងកម្លាំងមួកខៀវកម្ពុជា នៃកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៩៨-ទី៤ បានបង្ហាញពីសមត្ថភាព និងជំនាញកម្រិតអាជីពដ៏គួរឱ្យកោតសរសើរ តាមរយៈបេសកកម្មកម្ទេចគ្រាប់យោធាខូចគុណភាព នៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ (MINUSCA) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការដ៏មានហានិភ័យនេះ ក្រុមជំនាញកម្ទេចគ្រាប់ (EOD) របស់កម្ពុជា បានធ្វើការកម្ទេចគ្រាប់យោធាជាច្រើនប្រភេទដោយភាពច្បាស់លាស់បំផុត នៅចំណុច PK39 ដែលមានចម្ងាយ ៤០គីឡូម៉ែត្រ ពីទីក្រុងបាងហ្គី។ ការអនុវត្តបេសកកម្មនេះ មិនត្រឹមតែបង្ហាញពីភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់បច្ចេកទេសកម្ទេចគ្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការប្រតិបត្តិការងារប្រកបដោយ «សុវត្ថិភាពខ្ពស់បំផុត និងប្រសិទ្ធភាពដ៏អស្ចារ្យ» ដែលជាកត្តាគន្លឹះក្នុងកិច្ចការរក្សាសន្តិភាពអន្តរជាតិ។

សមិទ្ធផលនេះ បានរួមចំណែកយ៉ាងធំធេងដល់ការកាត់បន្ថយគ្រោះថ្នាក់ និងបង្កើនសន្តិសុខសុវត្ថិភាពជូនប្រជាជនក្នុងតំបន់បេសកកម្ម ដែលជាការលើកកម្ពស់កិត្យានុភាពកងទ័ពមួកខៀវកម្ពុជាឱ្យកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ៕








Powered by Blogger.