រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញប្រកាសសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អត្តលេខ ៥៦០៣៥ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីក្នុងការ ស្រាវជ្រាវ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញប្រកាសសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អត្តលេខ ៥៦០៣៥ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីក្នុងការ ស្រាវជ្រាវ។ នេះបើយោងតាមប្រកាសចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា ៖ ជាការពិតហើយការផ្អាកការងារបណ្ដោះអាសន្ននេះ គឺពាក់ព័ន្ធករណីនាំខ្លួនបុគ្គលិកក្រុមហ៊ុនឌឹផ្លរ៉ានោះហើយ។ នេះជាការផ្អាកបណ្ដោះអាសន្នប៉ុណ្ណោះ ដើម្បីបើកផ្លូវឱ្យកម្លាំងជំនាញបន្តស៊ើបអង្កេតឱ្យបានស៊ីជម្រៅ តម្លាភាព និងមានប្រសិទ្ធភាព ក្នុងគោលដៅចាត់នីតិវិធីបន្ត។ តែយ៉ាងណា នេះពុំមែនជាការដកហូតមុខតំណែងទេ ដោយរង់ចាំលទ្ធផលកម្លាំងជំនាញបន្តចុះស៊ើបអង្កេតស្រាវជ្រាវសិន។
គួរបញ្ជាក់ថា ការសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានប្តឹងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា និងមនុស្សមួយចំនួមទៅអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ពីបទ៖ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស, ប៉ះពាល់ដល់សេរីភាពបុគ្គល, មិនព្រមដោះលែងបុគ្គលដែលត្រូវបានឃុំ ដោយខុសច្បាប់, កំហែងយក, ផ្តើមគំនិត និង សមគំនិត ប្រព្រឹត្តនៅម្តុំក្រោយក្រុមហ៊ុនទូរស័ព្ទ សែលកាត កាលពីអំឡុងម៉ោង ០៥ ទៅ ម៉ោង០៦ ល្ងាច នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៦ និង អគ្គស្នងការដ្ឋាននគរបាលជាតិ មានអាសយដ្ឋាន មហាវិថី ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។




Post a Comment