លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦ និងបានផ្តល់នូវអនុសាសន៍៥ចំណុចដើម្បីឱ្យពិធីមង្គលការខ្មែរកាន់តែមានអត្ថន័យរស់រវើក
ក្នុងពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់នូវអនុសាសន៍៥ចំណុចដើម្បីឱ្យពិធីមង្គលការខ្មែរកាន់តែមានអត្ថន័យរស់រវើក៖
១-ក្រសួងស្ថាប័នដែលពាក់ព័ន្ធ សូមបន្តការស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយចំណេះដឹងអំពីអាពាហ៍ពិពាហ៍ខ្មែរឱ្យបានកាន់តែទូលំទូលាយ ច្បាស់លាស់ និងងាយយល់ ជាពិសេសសម្រាប់យុវជន យុវនារី និងអ្នកដែលផ្តល់សេវារៀបចំមង្គលការ។
២-អ្នកដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងមង្គលការទាំងអស់ សូមបន្តច្នៃប្រឌិតដោយមានការគោរពចំពោះទម្រង់ដើម។ សូមប្រើភាពច្នៃប្រឌិត ដើម្បីធ្វើឱ្យប្រពៃណីខ្មែររបស់យើងកាន់តែស្រស់ស្អាត ប៉ុន្តែមិនមែនធ្វើឱ្យអត្ថន័យដើមបាត់បង់នោះទេ។
៣-យុវជន យុវនារី និងគូស្រករថ្មី សូមសិក្សាស្វែងយល់អំពីអត្ថន័យនៃកិច្ច ឬ ពិធីសំខាន់ៗ មុននឹងរៀបចំពិធីមង្គលការរបស់ខ្លួន។ ការយល់ដឹងនេះ នឹងធ្វើឱ្យថ្ងៃមង្គលការមានអត្ថន័យកាន់តែជ្រាលជ្រៅ ពោលគឺមិនមែនសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ឪពុកម្តាយ គ្រួសារ និងកូនចៅជំនាន់ក្រោយផងដែរ។
៤-សូមលើកទឹកចិត្តចំពោះការបន្តប្រើប្រាស់ផលិតផលខ្មែរ ផ្កាខ្មែរ ផ្លែឈើខ្មែរ សិប្បកម្មខ្មែរ និងស្នាដៃរបស់អ្នកជំនាញខ្មែរ ក្នុងការរៀបចំមង្គលការ។ ការធ្វើបែបនេះគឺមិនត្រឹមតែជួយលើកស្ទួយវប្បធម៌របស់យើងនោះទេ ប៉ុន្តែក៏ជួយដល់សេដ្ឋកិច្ច ជួយដល់សហគ្រិនខ្មែរ សិប្បករខ្មែរ និងអ្នកប្រកបអាជីវកម្មតូច មធ្យមផងដែរ។
៥-ក្រុមហ៊ុនរៀបចំពិព័រណ៍ និងបណ្តាដៃគូទាំងអស់ សូមបន្តធ្វើឱ្យពិព័រណ៍នេះក្លាយជាវេទិកាមួយដែលមិនមែនត្រឹមតែជាការបង្ហាញផលិតផលនិងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែក្លាយទៅជាវេទិកាមួយសម្រាប់ការរៀនសូត្រ ការផ្សព្វផ្សាយ និងការបន្តរួបរួមគ្នាអភិរក្សដង្ហើមនៃប្រពៃណីពិព័រណ៍អាពាហ៍ពិពាហ៍ខ្មែរយើង។
សូមរំឭកថា នេះជាលើកទី៣ហើយដែលពិព័រណ៍អាពាហ៍ពិពាហ៍ត្រូវបានរៀបចំធ្វើឡើង ក្នុងគោលបំណងអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ដូនតាខ្មែរ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ការរៀបអាពាហ៍ពិពាហ៍ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យស្គាល់អំពីអត្តសញ្ញាណ អរិយធម៌ លក្ខណៈ រចនាបថខ្មែរ។ ជាមួយគ្នានេះ ស្របទៅនឹងគោលនយោបាយប្រជាជនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពិព័រណ៍នេះក៏មានគោលបំណងលើកកម្ពស់តម្លៃគ្រួសារ លើកទឹកចិត្តដល់គូស្រករថ្មីបង្កើតគ្រួសារស្របតាមច្បាប់ទម្លាប់ប្រពៃណីខ្មែរ ការបន្តពូជពង្សវង្សត្រកូលខ្មែរ ដើម្បីរក្សាតុល្យភាពរវាងរចនាសម្ព័ន្ធប្រជាជន និងធានាធនធានមនុស្សកម្ពុជាឱ្យសម្បូរបែបក្នុងនាមជាកម្លាំងចលករអភិវឌ្ឍជាតិ៕





















Post a Comment