កម្ពុជា-មីយ៉ាន់ម៉ា ពិភាក្សាជំរុញទេសចរណ៍សាសនា តាមរយៈការប្រើប្រាស់សក្តានុពលបេតិកភណ្ឌព្រះពុទ្ធសាសនាដ៏សម្បូរបែបរបស់កម្ពុជា និងមីយ៉ាន់ម៉ា



កម្ពុជា-មីយ៉ាន់ម៉ាបានពិភាក្សាអំពីការជំរុញទេសចរណ៍សាសនា តាមរយៈការប្រើប្រាស់សក្តានុពលបេតិកភណ្ឌព្រះពុទ្ធសាសនាដ៏សម្បូរបែបរបស់ប្រទេសទាំងពីរ ព្រមទាំងគាំទ្រការរៀបចំកញ្ចប់ទស្សនកិច្ច និងសកម្មភាពផ្សព្វផ្សាយរួម ដើម្បីលើកកម្ពស់ទេសចរណ៍បែបធម្មយាត្រានិងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម Maung Myint រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌មីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន។

នៅក្នុងជំនួបពិភាក្សានេះភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ដែលបានអនុវត្តកន្លងមក តាមរយៈកិច្ចព្រមព្រៀង និងផែនការសកម្មភាពរួមនានា ព្រមទាំងការសហការក្នុងក្របខណ្ឌតំបន់ និងអនុតំបន់ ដូចជា អាស៊ាន GMS ACMECS និង CLMV។

តាមរយៈកិច្ចពិភាក្សាលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ ភាគីទាំងពីរបានឯកភាពអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-មីយ៉ាន់ម៉ាឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ ការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍។ ជាពិសេស ភាគីទាំងពីរបានឯកភាពជំរុញការផ្សព្វផ្សាយទេសចរណ៍រួម ការរៀបចំកញ្ចប់ទស្សនកិច្ច និងការធ្វើទីផ្សាររួមក្រោមមូលបទ «ប្រទេសពីរ គោលដៅមួយ» ដើម្បីបង្កើនលំហូរទេសចររវាងប្រទេសទាំងពីរ និងទាក់ទាញទេសចរពីប្រទេសទីបីមកទស្សនាប្រទេសទាំងពីរ ព្រមទាំ

ងការគាំទ្រលើការរៀបចំកម្មវិធី Joint Cambodia-Myanmar Tourism Conference និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមប្រកបដោយភាពទាក់ទាញ៕





Powered by Blogger.