តុលាការសម្រេចចោទប្រកាន់អ្នកបើករថយន្ដបង្កគ្រោះថ្នាក់នៅខណ្ឌឬស្សីកែវ ក្រោមជាតិអាល់កុល ០.៥២mg/L


តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ បានសម្រេចចោទប្រកាន់លើស្ត្រីឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ ស្ថិតក្នុងស្ថានភាពស្រវឹងមានជាតិអាល់កុល ០.៥២mg/L តាមបញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ និងចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ សំណុំរឿងនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស តំណាងអយ្យការបានសម្រេចដោះលែងឱ្យមាន សេរីភាព តាមដីកាសម្រេចលេខ ១៤៤៤ អ.យ.ធ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៦។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទីអង្គារ ទី២៤មីនានេះ។

ការសម្រេចនេះ ធ្វើឡើងដោយផ្អែកលើរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងផ្អែកលើលទ្ធផលនៃការស៊ើបអង្កេត ពីភាគអ្នកបើករថយន្ដបង្ក។ 

ផ្អែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក ព្រមទាំងផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតឃើញថា ឈ្មោះ សុខ ច័ន្ទបូណ៌មី ហៅ យាន គឺជាអ្នកបើកបររថយន្តដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រីឯឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស គឺជាអ្នករួមដំណើរ មិនមែនជាអ្នកបើកបររថយន្តទេ។

យោងតាមមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ បានចែងថា ជនណាបើកបរក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០mg/L ឬចាប់ពី ០, ៨០ mg/L ឈាមឡើងទៅ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្មាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤០០០០០០រៀល(បួនលានរៀល) ទៅ ១៥ ០០០ ០០០(ដប់ប្រាំលានរៀល)។

សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០និង២៤នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវ បេតុងប្រសព្វផ្លូវលេខ ១៧១៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រវាងរថយន្តមួយគ្រឿងម៉ាក DONG FENG FORTHING ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បើកបរដោយឈ្មោះ សុខ ច័ន្ទបូណ៍មី ហៅ យាន ភេទស្រី និងអ្នករួមដំណើរឈ្មោះ សាមីន វុត្ថារិទ្ធី ភេទប្រុស បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១០-៤៦០៤ បើកបរដោយឈ្មោះ ថា ឧត្តម ភេទប្រុស អាយុ១១ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកម៉ូតូជាប់ខាងមុខក្រោមរថយន្តអូសទៅមុខប្រវែង ៧៨ម៉ែត្រ ទើបរថយន្តឈប់៕





Powered by Blogger.