រដ្ឋមន្ត្រីក្រសួងបរិស្ថានព្រមានលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានមណ្ឌលគិរីពាក់ព័ន្ធនឹងការខ្វះភាពទទួលខុសត្រូវ និងកំហុសវិជ្ជាជីវៈក្នុងការអនុវត្តតួនាទីភារកិច្ច!

 

(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានព្រមានជាផ្លូវការទៅលើលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីពាក់ព័ន្ធនឹងការខ្វះភាពទទួលខុសត្រូវ និងកំហុសវិជ្ជាជីវៈក្នុងការអនុវត្តតួនាទីភារកិច្ច។

ការព្រមាននេះ ធ្វើឡើងដោយយោងទៅតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាច្រើន រួមមានច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ អនុក្រឹត្យស្តីពីការរៀបចំក្រសួងបរិស្ថាន និងរបាយការណ៍កិច្ចប្រជុំស្រាយបំភ្លឺកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងលិខិតព្រមានក្រសួងបានបញ្ជាក់ឱ្យលោក ឌិន ប៊ុនធឿន បញ្ឈប់រាល់អំពើដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការ ដែលកើតចេញពីការធ្វេសប្រហែស ការខ្ជីខ្ជា និងការបំពានច្បាប់ក្នុងការបំពេញការងារ។

ជាមួយគ្នានេះ លោក អ៊ាង សុផល្លែត ក៏បានអំពាវនាវឱ្យមានការកែតម្រូវឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីធានាបាននូវវិន័យការងារ និងភាពគួរឱ្យជឿជាក់ក្នុងស្ថាប័ន។ ក្នុងករណីមិនគោរពតាមការព្រមាន ឬបន្តមានកំហុសបន្ថែម នឹងត្រូវអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាបន្តទៀត។

វិធានការនេះត្រូវបានមើលឃើញថា ជាជំហានសំខាន់ក្នុងការពង្រឹងវិន័យមន្ត្រីរាជការ និងលើកកម្ពស់គុណភាពការគ្រប់គ្រងក្នុងវិស័យបរិស្ថាន៕






Powered by Blogger.