អ៊ីរ៉ង់អះអាងថាពិតជាបានវាយប្រហារលើនាវាថៃឈ្មោះ Mayuree Naree ក្នុងច្រកសមុទ្រ Hormuz



កងទ័ពអ៊ីរ៉ង់បានទទួលស្គាល់ថា ខ្លួនពិតជាបានវាយប្រហារលើនាវាដឹកទំនិញដោតទង់ជាតិថៃ ឈ្មោះ Mayuree Naree នាពេលដែលនាវានេះ កំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz មែន។ កងទ័ពអ៊ីរ៉ង់ អះអាងថា នាវានេះបានព្រងើយកន្តើយនឹងការព្រមាន និងបានព្យាយាមធ្វើដំណើរឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះ ដោយខុសច្បាប់។

ទីភ្នាក់ងារសារព័ត៌មាន Fars និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតរបស់អ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃទី១១ ខែមីនាថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញសេចក្តីថ្លែងការណ៍ថា កងកម្លាំងអ៊ីរ៉ង់បានវាយប្រហារលើនាវាចំនួនពីរនៅក្នុងច្រកសមុទ្រ Hormuz ដែលក្នុងនោះក៏រួមមាននាវា Mayuree Naree របស់ថៃដែរ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានរាយការណ៍ដែរថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានចេញមុខទទួលស្គាល់ចំពោះការវាយប្រហារខាងលើ។ ជាអ្វីដែលត្រូវបានពិពណ៌នាថា គឺជាការវាយប្រហារដោយផ្ទាល់ជាលើកដំបូងរបស់កងកម្លាំងអ៊ីរ៉ង់ ប្រឆាំងនឹងនាវាដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងសង្គ្រាមដែលកំពុងឡើងកម្តៅរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។

យោងតាមសេចក្តីថ្លែងការណ៍របស់ IRGC, នាវា Mayuree Naree រងការបាញ់ប្រហារ បន្ទាប់ពីបាន “ព្រងើយកន្តើយនឹងការព្រមាន” និងព្យាយាមចរាចរណ៍កាត់តាមច្រកសមុទ្រ Hormuz ដោយខុសច្បាប់។ អ៊ីរ៉ង់ក៏បានបញ្ជាក់ដែរថា ខ្លួនបានវាយប្រហារលើនាវាពាណិជ្ជកម្មមួយគ្រឿងទៀត គឺនាវា Express Rome ដោតទង់ជាតិលីបេរីយ៉ា បន្ទាប់ពីនាវានោះផ្គើននឹងការព្រមានពីកងទ័ពជើងទឹក IRGC នៅព្រឹកថ្ងៃដដែលនោះ។

សូមជម្រាបថា របាយការណ៍ពីទីភ្នាក់ងារប្រតិបត្តិការដឹកជញ្ជូនពាណិជ្ជកម្មផ្លូវសមុទ្រអង់គ្លេស (UKMTO) បានឱ្យដឹងថា នាវាពាណិជ្ជកម្មនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស បានប្រឈមមុខនឹងការវាយប្រហារជាបន្តបន្ទាប់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ សារព័ត៌មាន Reuters បានបញ្ជាក់ថា ហេតុការណ៍កាលពីថ្ងៃទី១១ ខែមីនា បានធ្វើឱ្យចំនួននៃការវាយប្រហារលើនាវាដែលត្រូវបានរាយការណ៍នៅក្នុង ឬក្បែរតំបន់ឈូងសមុទ្រ កើនឡើងដល់យ៉ាងហោចណាស់ ១២ករណី ខណៈដែលរបាយការណ៍មួយទៀតរបស់ Reuters បានបង្ហាញថាចំនួននេះអាចមានដល់យ៉ាងហោចណាស់ ១៤ករណី៕

Powered by Blogger.