សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរៀបចំវេទិកាពិភាក្សាប្រចាំឆ្នាំ ជាមួយចាងហ្វាងសារព័ត៌មាន ជាសមាជិក ក្រោមប្រធានបទ “ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន”


ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានរៀបចំវេទិកាពិភាក្សាប្រចាំឆ្នាំ ជាមួយចាងហ្វាងសារព័ត៌មាន ជាសមាជិក ក្រោមប្រធានបទ “ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន”។ 

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដោយមានការចូលរួមចាងហ្វាងអង្គភាពសារព័ត៌មាន ចំនួន ៦៨អង្គភាព។

វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ 

- ពង្រឹងការយល់ដឹងផ្នែកច្បាប់ ៖ បញ្ជ្រាបចំណេះដឹងអំពីច្បាប់ពាក់ព័ន្ធ ដើម្បីឱ្យអ្នកសារព័ត៌មាន អាចបញ្ចៀសបាននូវរាល់បញ្ហាផ្លូវច្បាប់នានា

- លើកកម្ពស់វិជ្ជាជីវៈ ៖ រម្លឹកអំពីសារសំខាន់នៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីធានាតម្លៃ និងជំនឿទុកចិត្តពីសាធារណជន

- ពង្រឹងការផ្សព្វផ្សាយតែព័ត៌មានពិត និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

- ជំរុញការបង្កើនការផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

- បំផុសចលនាលេងល្បែងប្រជាប្រិយខ្មែរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ថ្លែងក្នុងពិធីបើកអង្គវេទិកា នាឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ បានបង្ហាញក្តីបារម្ភ និងការសោកស្តាយចំពោះអ្នកសារព័ត៌មានមួយចំនួន ដែលបានប្រឈមមុខនឹងចំណាត់ការតុលាការ ដោយសារការផ្សព្វផ្សាយខ្វះការប្រុងប្រយ័ត្ន។ លោកបណ្ឌិត បានសង្កត់ធ្ងន់លើចំណុចគន្លឹះ ចំនួន ៣៖ 

ទី១. ការគោរពក្រមសីលធម៌ ៖ ត្រូវផ្សព្វផ្សាយតែព័ត៌មានពិត និងមានប្រភពច្បាស់លាស់។

ទី២. ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ៖ ចូលរួមទប់ស្កាត់រាល់ខ្លឹមសារដែលបង្កចលាចលក្នុងសង្គម។

ទី៣. ការផ្សព្វផ្សាយសមិទ្ធផលជាតិ៖ ចូលរួមចំណែកបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ថ្លែងក្នុងឱកាសនោះដែរ លោកបណ្ឌិត ទូច វណ្ណៈ ក៏បានលើកទឹកចិត្តដល់គ្រប់អង្គភាពសារព័ត៌មានទាំងអស់ ឱ្យបង្កើនការផ្សព្វផ្សាយអប់រំ លើប្រធានបទសំខាន់ៗដូចជា៖

- សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការបង្ក្រាបបទល្មើសគ្រឿងញៀន

- ការយល់ដឹងអំពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

- ការជំរុញគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម នៅតាមមូលដ្ឋាន។

វេទិកានេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដោយទទួលបានការប្តេជ្ញាចិត្តខ្ពស់ពីសំណាក់ចាងហ្វាងសារព័ត៌មានទាំងអស់ ក្នុងការអនុវត្តការងារឱ្យស្របតាមច្បាប់ និងវិជ្ជាជីវៈ៕







Powered by Blogger.