ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជាអធិបតីភាពបេីកវេទិកាសាធារណៈ ដេីម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦ និងសៀវភៅថវិកាពលរដ្ឋ

 

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីភាពបេីកវេទិកាសាធារណៈ ដេីម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦ និងសៀវភៅថវិកាពលរដ្ឋ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងទៅកាន់អង្គវេទិកា ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងពីគោលនយោបាយអាទិភាពទី៥ និងទី៦ និងបានយកឱកាសនេះជម្រាបពីការចូលរួមរបស់ក្រសួងកសិកម្ម ក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ សម្រាប់ការអភិវឌ្ឍន៍ឱ្យកាន់តែប្រសេីរ គណនេយ្យភាពសមិទ្ធកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការកំណត់នូវគោលដៅផ្សាភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយ និងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ធាតុចូលនិងសង្កត់ធ្ងន់ពី "មានហូប" ដោយធានាបាននូវសន្តិសុខស្បៀង និងការជំរុញផលិតកម្មកសិផលយុទ្ធសាស្រ្ត ដោយ "មានបាន" គឺទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ និងជាមូលដ្ឋានសម្រាប់អ្នកជំនាន់ក្រោយចាប់យកឱកាសកសាងសមត្ថភាពទៅរកវិស័យឧស្សាហកម្ម និងសេវាកម្ម ដេីម្បីទទួលបានប្រាក់ចំណូលល្អមួយកម្រិតទៀត និង "មានប្រេី និងមានរហូត" ពោលគឺមានផលិតផល និងកសិផលប្រេីប្រាស់គ្រប់គ្រាន់ ការការពារធនធានធម្មជាតិ និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។

តាមរយៈវេទិកានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់កម្មវិធីចំនួន៣ រួមមាន៖ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម និងការគ្រប់គ្រងពង្រឹងក្រសួងស្ថាប័ន និងសេវាគាំទ្រផ្សេងៗ ដែលអនុញ្ញាតឱ្យមន្រ្តីទាំងអស់ផ្តល់សេវាសាធារណៈល្អជូនប្រជាកសិករ ទទួលយកបានគ្រប់ភាគីពាក់ព័ន្ធ និងទទួលបានផលចំណេញទាំងអស់គ្នា។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី លេីកទឹកចិត្តដល់អង្គវេទិកាទាំងអស់បេីកទូលាយចូលរួមពិភាក្សា ផ្តល់ធាតុចូលសំខាន់ៗ និងផ្តល់មតិយោបល់សមិទ្ធកម្មផ្សេងៗទៀត ឱ្យស្របតាមគោលដៅ គោលនយោបាយ ដេីម្បីសម្រេចបានលទ្ធផលផ្លែផ្កាសម្រាប់វិស័យកសិកម្មកម្ពុជា៕












Powered by Blogger.