មានបណ្តឹងជាច្រើន ទាក់ទងនឹងការទិញសន្លឹកឆ្នោត នៅក្នុងប្រទេសថៃ

 


គិតមកទល់ពេលនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានទទួលពាក្យបណ្តឹងយ៉ាងតិច ១១៣ករណី ដែលបានចោទប្រកាន់ពីភាពមិនប្រក្រតីនៃការបោះឆ្នោត ហើយក្នុងនោះភាគច្រើនជាបណ្តឹងទាក់ទងនឹងការទិញទឹកចិត្តអ្នកបោះឆ្នោត។ នេះបើតាមគណៈកម្មាធិការរៀបចំការបោះឆ្នោត(EC) កាលពីថ្ងៃចន្ទ ទី៩ ខែកុម្ភៈ។ 

ក្នុងចំណោមបណ្តឹងទាំងនោះ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានបញ្ជាក់ថា មាន ១០៧ករណី ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការទិញទឹកចិត្តអ្នកបោះឆ្នោត(ទិញសន្លឹកឆ្នោត) នៅក្រោមមាត្រា ៧៣(១) នៃច្បាប់រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ បណ្តឹងទំាងនេះ ត្រូវបានទទួលយកជាផ្លូវការសម្រាប់ការស៊ើបអង្កេតនៅតាមតំបន់ជាច្រើនទូទាំងប្រទេសថៃ។

អគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក Chanin Noilek បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃចន្ទ ថា ទីភ្នាក់ងារនេះ បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ និងបានយល់ព្រមធ្វើការបំភ្លឺលើបញ្ហានានា ដែលពាក់ព័ន្ធនឹងនីតិវិធីបោះឆ្នោត, សន្លឹកឆ្នោតដែលខូចខាត ឬរហែក, ការចាប់ខ្លួន និងកំហុសបច្ចេកទេសក្នុងការរាយការណ៍លទ្ធផលឆ្នោត។ 

ឆ្លើយតបទៅនឹងការរិះគន់ជាសាធារណៈទាក់ទងនឹងការទិញទិញសន្លឹកឆ្នោតដែលក្នុងនោះករណីខ្លះមានភ្ជាប់ជាមួយវីដេអូឃ្លីប ដែលត្រូវបានចែកចាយតាមបណ្តាញអ៊ីនធឺណិត, លោក Chanin Noilek បានបដិសេធចំពោះការលើកឡើងដែលថា គណៈកម្មាធិការរៀបចំការបោះឆ្នោតមិនបានដឹងពីស្ថានភាពនេះ។ លោកបានបញ្ជាក់ថា «រាល់ករណីទាំងអស់ កំពុងស្ថិតក្រោមការស៊ើបអង្កេត»។

គិតត្រឹមថ្ងៃចន្ទម្សិលមិញ ការរាប់សន្លឹកឆ្នោតសម្រេចបានប្រហែល៩៤%។ លោក Chanin Noilek បានទទួលស្គាល់នូវរបាយការណ៍អំពីភាពមិនសុក្រឹត ហើយបានបញ្ជាក់ថា វិទ្យាស្ថានទិន្នន័យ(Big Data Institute) កំពុងត្រួតពិនិត្យបន្ថែមទៀត។

ដោយឡែក កាលពីថ្ងៃចន្ទ លោកនាយឧត្តមសេនីយ៍ Kittharath Punpetch អគ្គស្នងការនគរបាលថៃ ក៏បានឱ្យដឹងដែរថា មានសេចក្តីរាយការណ៍អំពីករណីល្មើសច្បាប់បោះឆ្នោត និងបទល្មើសព្រហ្មទណ្ឌមួយចំនួន ដែលរួមមាន ការទិញទឹកចិត្តអ្នកបោះឆ្នោត, ការបំផ្លិចបំផ្លាញសន្លឹកឆ្នោត និងការចែកចាយគ្រឿងស្រវឹងខុសច្បាប់ជាដើម។ លោកបានបន្តថា យ៉ាងហោចណាស់មានករណីទិញទឹកចិត្តអ្នកបោះឆ្នោតចំនួន ៧ករណី ត្រូវបានកំណត់អត្តសញ្ញាណ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់នគរបាលថៃ៕

ផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦

ប្រភព៖ Bangkok Post




Powered by Blogger.