ក្រោយផ្ដួលរំលំលោក ម៉ាឌូរ៉ូ, លោក ដូណាល់ ត្រាំ ប្រកាសតាំងខ្លួនជា «ប្រធានាធិបតីស្ដីទី» របស់វេណេស៊ុយអេឡា

 


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រសិទ្ធនាមខ្លួនឯងថាជា «ប្រធានាធិបតី» របស់ប្រទេសវេណេស៊ុយអេឡា តាមរយៈសារបង្ហោះលើបណ្ដាញសង្គមមួយ កាលពីយប់ថ្ងៃអាទិត្យ។ សាររបស់ប្រធានាធិបតីអាមេរិកយ៉ាងដូច្នេះ កើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិកនឹងអនុវត្តវិធានការគ្រប់គ្រងទីក្រុងការ៉ាកាសរបស់វេណេស៊ុយអេឡា ជាច្រើនឆ្នាំទៅមុខទៀត។

លោក ដូណាល់ ត្រាំ បានចែករំលែករូបភាពកែច្នៃមួយ ដែលមើលទៅដូចជាទំព័រវិគីភីឌា(Wikipedia) ដោយបានដាក់តួនាទីលោកថាជា «ប្រធានាធិបតីស្ដីទីនៃប្រទេសវេណេស៊ុយអេឡា» ចាប់តាំងពីដើមខែមករា ឆ្នាំ២០២៦មក ពោលគឺបន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារនៅក្នុងប្រទេសវេណេស៊ុយអេឡា និងបានចាប់ខ្លួនមេដឹកនាំផ្ដាច់ការ លោក នីកូឡាស ម៉ាឌូរ៉ូ។

លោក ដូណាល់ ត្រាំ ធ្លាប់បានថ្លែងកាលពីថ្ងៃទី៣ ខែមករាថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងប្រទេសវេណេស៊ុយអេឡា រហូតទាល់តែមានការរៀបចំផ្ទេរអំណាចប្រកបដោយសុវត្ថិភាពមួយ។ លោកបានប្រាប់កាសែត The New York Times នៅក្នុងបទសម្ភាសមួយ ដែលបានចុះផ្សាយកាលពីថ្ងៃពុធសប្តាហ៍មុនថា លោកបានរំពឹងទុកថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងវេណេស៊ុយអេឡា ក្នុងរយៈពេលយូរជាង ៦ខែ ឬមួយឆ្នាំ។

ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Fox News Digital ពាក់ព័ន្ធនឹងថាតើការបង្ហោះនោះគឺជាការលេងសើច ឬយ៉ាងណា ហើយតើការបង្ហោះនេះនឹងបង្ហាញបែបណាអំពីរយៈពេលដែលសហរដ្ឋអាមេរិកនឹងចូលរួមក្នុងការគ្រប់គ្រងប្រទេសវេណេស៊ុយអេឡានោះ, អ្នកនាំពាក្យវិមានប្រធានាធិបតីអាមេរិក អ្នកស្រី Anna Kelly បានឆ្លើយ ថា «ប្រធានាធិបតី ត្រាំ នឹងក្លាយជាប្រធានាធិបតីដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រ សម្រាប់ប្រជាជនអាមេរិក និងប្រជាជនវេណេស៊ុយអេឡា។ សូមអបអរសាទរ ពិភពលោក!»៕ ផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦

ប្រភព៖ Fox News

Powered by Blogger.