រុស្ស៊ី អះអាងថាដណ្ដើមបានទីក្រុង Pokrovsk របស់អ៊ុយក្រែន នៅមុនជំនួបជាមួយប្រេសិតលោក ត្រាំ នៅទីក្រុងមូស្គូ
នាយសេនាធិការកងទ័ពរុស្ស៊ី ប្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ ទី១ ខែធ្នូ ថា កងកម្លាំងរុស្ស៊ី វាយដណ្ដើមកាន់កាប់បានទីក្រុង Pokrovsk ដែលលោក ពូទីន ចាត់ទុកថាជាជោគជ័យសំខាន់មួយ។
តាមសារព័ត៌មានអ៊ុយក្រែន Kyiv Post លោក ពូទីន បានដាក់បទបញ្ជាឱ្យវាយយកទីក្រុង Pokrovsk ពីដៃកងទ័ពអ៊ុយក្រែន ឱ្យបាននៅត្រឹមថ្ងៃទី១៥ វិច្ឆិកា តែត្រូវបាននាយសេនាធិការកងកម្លាំងរុស្ស៊ី ឧត្ដមសេនីយ៍ Valery Gerasimov អះអាងប្រាប់លោក ពូទីន ថាវាយយកបានទាំងស្រុងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នេះ។ បន្ថែមលើសពីនេះ ឧត្ដមសេនីយ៍ Valery Gerasimov អះអាងថាទីក្រុង Vovchansk នៅតំបន់ Khakive ក៏វាយដណ្ដើមយកបានដែរ។
ក្រសួងការពារជាតិរុស្ស៊ី ក៏បានបង្ហាញវីដេអូកងទ័ពរុស្ស៊ី ដោតទង់ជាតិរុស្ស៊ី នៅឯទីលានមួយស្ថិតនៅកណ្ដាលទីក្រុង Pokrovsk។
ឧត្ដមសេនីយ៍ Valery Gerasimov ថែមទាំងប្រាប់លោក ពូទីន ទៀតថា កងកម្លាំងរុស្ស៊ី បានប្ដេជ្ញាចិត្តវាយដណ្ដើមយកតំបន់ដុនបាស់ ទាំងមូល ដែលមានខេត្ត Donetsk និង Luhansk។
លោក ពូទីន សាទរជ័យជម្នះរបស់កងទ័ពរុស្ស៊ី។ លោកប្រធានាធិបតីរុស្ស៊ី ចាត់ទុកថា៖ «នេះជាទិសដៅដ៏មានសារសំខាន់មួយ។ យើងទាំងអស់គ្នាពិតជាដឹងថាវាមានសារសំខាន់កម្រិតណា។»
យ៉ាងណា កងទ័ពអ៊ុយក្រែន ចាត់ទុកថាជាប្រកាសជ័យជម្នះក្លែងក្លាយ ព្រោះទីក្រុង Pokrovsk នៅតែធ្លាក់ក្នុងសមរភូមិនៅឡើយ។
ការប្រកាសពីការវាយដណ្ដើមបានទីក្រុងទាំងពីរនេះ ធ្វើឡើងនៅមុនបេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff ត្រូវជួបលោក ពូទីន ក្នុងទីក្រុងមូស្គូ ដើម្បីពិភាក្សាអំពីផែនការសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយក៏ចំពេលគណៈប្រតិភូអ៊ុយក្រែន ទៅជួបចរចាជាមួយគណៈប្រតិភូអាមេរិកនៅរដ្ឋផ្លរីដា ផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី និយាយថា បញ្ហាលំបាកមួយចំនួននៅតែមិនទាន់ត្រូវបានដោះស្រាយ បន្ទាប់ពីកិច្ចចរចាអាមេរិក-អ៊ុយក្រែន នៅរដ្ឋផ្លរីដា។ ការលើកឡើងនេះ ធ្វើឡើងខណៈដែលលោកកំពុងធ្វើដំណើរទស្សនកិច្ចនៅអឺរ៉ុប ដើម្បីស្វែងរកការគាំទ្រពីសម្ពន្ធមិត្ត ហើយបេសកជនលោក ត្រាំ ទៅកាន់ទីក្រុងមូស្គូ ជួបលោក ពូទីន ម្ដងទៀត។
លោក ហ្សេឡេនស្គី បានទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ទី១ ធ្នូ ដើម្បីជួបសមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងមេដឹកនាំអឺរ៉ុប ដោយពិភាក្សាអំពីការកសាងកម្លាំងដើម្បីធានាសន្តិសុខសម្រាប់អ៊ុយក្រែន។
ទីក្រុងគៀវ និងសម្ពន្ធមិត្ត កំពុងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន កែសម្រួលផែនការសន្តិភាពដែលពីដំបូង តម្រូវឱ្យអ៊ុយក្រែន កាត់ទឹកដី កាត់បន្ថយកងទ័ព និងបោះបង់បំណងចូលរួមជាមួយអង្គការណាតូ ដែលអ៊ុយក្រែន ចាត់ទុកថាជាការប្រកាសឱ្យអ៊ុយក្រែន ចុះចាញ់សត្រូវ។
យ៉ាងណា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ទទួលស្គាល់ថាស្ថានការណ៍មានភាពស្មុគស្មាញ ប៉ុន្តែលោកនៅតែមានសុទិដ្ឋិនិយម។
នៅថ្ងៃអង្គារ ទី២ ធ្នូ នេះ ប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff និងកូនប្រសារបស់លោក ត្រាំ គឺលោក Jared Kushner ត្រូវជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីការត្រូវបញ្ចប់សង្គ្រាមដែលកំពុងអូសបន្លាយជិត ៤ឆ្នាំមកហើយនេះ។
លោក ត្រាំ តែងតែលើកឡើងថា រូបលោកចង់បញ្ចប់សង្គ្រាមអ៊ុយក្រែន ឱ្យបានឆាប់ ប៉ុន្តែមកទល់នឹងពេលនេះ កិច្ចប្រឹងប្រែងរបស់លោកមិនទាន់ជួយសម្រេចបានសន្តិភាពនៅឡើយ។
ផែនការសន្តិភាព ២៨ចំណុចរបស់រដ្ឋបាលលោក ត្រាំ ដែលត្រូវបញ្ចេញឡើងកាលពីសប្តាហ៍មុន បានបង្កឱ្យមានក្តីបារម្ភក្នុងចំណោមថ្នាក់ដឹកនាំអ៊ុយក្រែន រួមទាំងមេដឹកនាំអឺរ៉ុប ដោយចាត់ទុកផែនការសន្តិភាពនេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់រុស្ស៊ី ដូចជាតម្រូវឱ្យអ៊ុយក្រែន សន្យាមិនចូលអង្គការ NATO ដាក់កំហិតទំហំកងទ័ព ហើយលះបង់ទឹកដីបន្ថែម រួមទាំងទទួលស្គាល់តំបន់គ្រីមៀរ ជាដែនដីស្របច្បាប់របស់រុស្ស៊ី។ ប៉ុន្តែក្រុមមេដឹកនាំអឺរ៉ុប បានដាក់ចេញសំណើតបតវិញរបស់ពួកគេ សម្រាប់សន្តិភាពនៅអ៊ុយក្រែន។
ភាគីអាមេរិក និងអ៊ុយក្រែន បាននិយាយថា ពួកគេបានឯកភាពគ្នាលើគ្រោងផែនការសន្តិភាពមួយ ដែលត្រូវបានកែលំអឱ្យកាន់តែប្រសើរដើម្បីបញ្ចប់សង្គ្រាម។
លោក ពូទីន បានអះអាងថា រូបលោកត្រៀមខ្លួនជាស្រេចដើម្បីជជែកអំពីសន្តិភាពដែលកែសម្រួល ប៉ុន្តែលោក ពូទីន នៅតែព្រមានថា ប្រសិនបើអ៊ុយក្រែន មិនព្រមទទួលយកកិច្ចព្រមព្រៀងមួយដែលតាមការទាមទាររបស់រុស្ស៊ី លោកថាកងកម្លាំងរបស់រុស្ស៊ី នឹងបន្តវាយលុកឆ្ពោះទៅមុខ ហើយកាន់កាប់ទឹកដីអ៊ុយក្រែន បន្ថែមទៀត។ លោក ពូទីន សន្យាថាធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន រហូតដល់ឆ្នាំ២០៣៦។
បច្ចុប្បន្ន កងកម្លាំងរបស់រុស្ស៊ី គ្រប់គ្រងប្រហែល ២០ភាគរយនៃទឹកដីរបស់អ៊ុយក្រែន នៅក្នុងឆ្នាំ២០២៥ នេះ ក្នុងនោះរាប់ទាំងដែនដីតំបន់គ្រីមៀរ ដែលរុស្ស៊ី ឱបក្រសោបបានពីអ៊ុយក្រែន ដោយមិនបាច់ផ្ទុះសង្គ្រាមនៅឆ្នាំ២០១៤៕

Post a Comment