អ្នកជំនាញផ្នែកទេសចរណ៍៖ ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិននឹងទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា



ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា និងប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញការជឿជាក់ថា ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនដោយផ្តល់ការស្នាក់នៅក្នុងរយៈពេល ១៤ នៅកម្ពុជា នឹងផ្តល់ការទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា។

សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះហត្ថលេខាដោយ បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា រដ្ឋាភិបាលសម្រេចផ្តល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់ រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែ បំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្ត ភ្ញៀវចិនអាចអញ្ជើញមក កម្ពុជាប៉ុន្មានលើកក៏បាន។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បញ្ជាក់ទៀតថា រដ្ឋាភិបាលបាន អនុញ្ញាតឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដាក់ស្នើនិងចរចាជាមួយភាគី រដ្ឋាភិបាលចិនឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរ ទៅ ប្រទេសចិន ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការតែម្តង នាពេលអនាគត ដើម្បីមានប្រសិទ្ធភាព គួរសហការជាមួយវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយទៅគោលដៅចិនឱ្យបានល្អ និងឆាប់រហ័ស។

ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា លោក អនហេង សុភ័ក្រ អបអរសាទរចំពោះការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិននាពេលនេះ ដោយមានជំនឿថា វិធានការនឹងផ្តល់ការទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា។

លោក អនហេង សុភ័ក្រ មានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំគិតថាជារឿងគួរឲ្យត្រេកអរ ព្រោះវាជាការផ្តល់ភាពទាក់ទាញ និងភាពងាយស្រួលដល់ភ្ញៀវទេសចរចិនក្នុងការធ្វើដំណើរទេសចរណ៍មកកាន់កម្ពុជា។ ខ្ញុំមានសុទិដ្ឋិនិយមថាកំណើនភ្ញៀវទេសចរនឹងមានការកើនឡើងបន្ទាប់ពីមានការលើកលែងទិដ្ឋាការនេះ»។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានឱ្យដឹងថា នេះគឺជាកាសាកល្បងដ៏ល្អ។ លោកសង្ឃឹមថា បន្ទាប់ពីការសាកល្បងរួចទៅបានជោគជ័យ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល នឹងពិចារណាទៅតាមគោលដៅទេសចរណ៍ធំៗផ្សេងទៀត ដូចជា ភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលអាមេរិកនៅតែជាទីផ្សារសំខាន់របស់កម្ពុជា។ 

បើតាមលោក ធួន ស៊ីណាន ប្រទេសចិនគឺជាទីផ្សារធំ ហើយវាមានសក្តានុពលណាស់សម្រាប់កម្ពុជា ដោយលោកជឿជាក់ថា ការលើកលែងនេះគឺជាការសាកល្បងដ៏ធំបំផុតរបស់កម្ពុជាដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ហើយលោកថាវិធានការនេះនឹងជះឥទ្ធពលល្អ ហើយកម្ពុជាត្រូវបន្តផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ឱ្យខ្លាំងក្លាយថែមទៀត ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ដ៏រីករាយ និងមានសុវត្ថិភាព។ ទោះបីយ៉ាងណា លោកទទូចឱ្យរាជរដ្ឋាភិបាលបន្តបង្រ្កាបល្បែងអនឡាញ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យខាន់តែបាន ដើម្បីវិស័យទេសចរណ៍នៅកម្ពុជា៕

Powered by Blogger.