ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បន្តចុះពិនិត្យស្ថានភាពជនភៀសសឹកតាមបណ្តាខេត្ត
ព្រះវិហា៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមនឹងការរំលោភបំពានអធិបតេយ្យភាព នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពជនភៀសសឹក ដើម្បីសម្របសម្រួលលើតម្រូវការជូនបងប្អូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានបង្ហាញនូវស្មារតីស្នេហាជាតិខ្ពស់ ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបចំពោះស្ថានភាពចំពោះមុខ និងការជម្លៀសប្រជាពលរដ្ឋមកកាន់តំបន់សុវត្ថិភាពបានយ៉ាងរហ័ស ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងការស្នាក់នៅបានយ៉ាងសមរម្យ។
ក្នុងគ្រាយោធាថៃនៅតែវាយប្រហារឥតឈប់ឈរ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តតាមដាន និងណែនាំដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជនភៀសសឹកដែលអាចបន្តជម្លៀសមកពីព្រំដែនគ្រប់ពេលវេលា។
ថ្លែងទៅកាន់បងប្អូនជនភៀសសឹក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសង្កត់ធ្ងន់ថា៖ «ខណៈពេលដែលវីរកងទ័ពរបស់យើង កំពុងឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរបស់យោធាថៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលក៏មិនដែលធ្វេសប្រហែសក្នុងការការពារសមរភូមិក្រោយ ពោលគឺការធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបតាមមណ្ឌលសុវត្ថិភាពគឺជាអាទិភាពខ្ពស់បំផុត»។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ការបន្តចុះពិនិត្យនេះ ក្នុងគោលបំណងជួយសម្របសម្រួលលើតម្រូវការចាំបាច់របស់បងប្អូនពលរដ្ឋភៀសសឹកតាមមណ្ឌលសុវត្ថិភាព ដើម្បីធានាថាសំណូមពរ និងបញ្ហាប្រឈមរបស់បងប្អូនត្រូវបានដោះស្រាយទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានរម្លឹកដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ត្រូវរក្សាការត្រៀមលក្ខណៈជានិច្ច ក្នុងការទទួលនិងផ្តត់ផ្គង់ដល់ពលរដ្ឋដែលអាចនឹងបន្តជម្លៀសចេញពីតំបន់ព្រំដែនបន្ថែមទៀត ព្រមទាំងត្រូវតាមដានជាប់ជាប្រចាំពីការផ្គត់ផ្គង់ស្បៀង សម្ភារៈប្រើប្រាស់ ទឹកស្អាត ក៏ដូចជាចាត់តាំងគ្រូពេទ្យប្រចាំការ សម្រាប់ជួយថែទាំសុខភាពជូនជនភៀសសឹក ពិសេសកុមារ និងស្រ្តីមានផ្ទៃពោះ និងធានាសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងមណ្ឌលសុវត្ថិភាពឱ្យបានល្អប្រសើរ។
បេសកកម្មរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី នាពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែនៅកៀកជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ពិសេសក្នុងស្ថានភាពដែលជាតិកំពុងត្រូវការសាមគ្គីភាព ដើម្បីការពារអធិបតេយ្យភាព និងសុខសន្តិភាពរបស់ប្រជាជន៕









Post a Comment