លោក Donald Trump បានច្រានចោលនូវសំណើរបស់សមាជិកសភាជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យក្នុងការជួបប្រជុំជាមួយលោក ដោយនិយាយថា រឿងនេះអាចកើតឡើងបាន ទាល់តែការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកអស់ពេល ៣សប្តាហ៍មកនេះ ត្រូវបានបញ្ចប់



ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (២១ តុលា) បានច្រានចោលនូវសំណើរបស់សមាជិកសភាជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យក្នុងការជួបប្រជុំជាមួយលោក ដោយនិយាយថា រឿងនេះអាចកើតឡើងបាន ទាល់តែការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកអស់ពេល ៣សប្តាហ៍មកនេះ ត្រូវបានបញ្ចប់។

លោក Trump បានប្រាប់អ្នកសារព័ត៌មានថា "លោកពិតជាចង់ជួបពិភាក្សាជាមួយពួកគេណាស់ ប៉ុន្តែដើម្បីជាការព្រមាន ជំនួបបែបនេះនឹងកើតឡើងបាន ប្រសិនបើពួកគេអនុញ្ញាតឱ្យប្រទេសបើកដំណើរការឡើងវិញ" ដោយសំដៅលើសំណើរបស់មេដឹកនាំសំឡេងភាគតិចក្នុងព្រឹទ្ធសភាអាមេរិក គឺលោក Chuck Schumer និងមេដឹកនាំសំឡេងភាគតិចក្នុងសភាតំណាងរាស្រ្តគឺលោក Hakeem Jeffries ស្នើជួប "គ្រប់ពេលវេលា គ្រប់ទីកន្លែង" ជាមួយលោក Trump។

គួរឱ្យដឹងថា ការខ្វែងគំនិតដែលនៅពីក្រោយការបន្តបិទរដ្ឋាភិបាលអស់ពេលដ៏យូរនេះ គឺមកពីព្រឹទ្ធសមាជិកអាមេរិកភាគច្រើនខាងបក្សប្រជាធិបតេយ្យ មិនគាំទ្រសំណើផ្ដល់មូលនិធិរយៈពេលខ្លីដើម្បីបើករដ្ឋាភិបាលឡើងវិញជាបណ្ដោះអាសន្ន ដែលគាំទ្រដោយគណបក្សសាធារណរដ្ឋនោះទេ លុះត្រាតែលោក Trump និងសមាជិកសភាបក្សសាធារណរដ្ឋ យល់ព្រមបន្តឥណទានពន្ធ លើច្បាប់ថែទាំសុខភាព (ACA) ដែលនឹងផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ខាងមុខ។

បើគ្មានការបន្ថែមពេលលើច្បាប់ ACA នេះទេ ប្រជាជនអាមេរិករាប់លាននាក់នឹងប្រឈមការដំឡើងថ្លៃផ្នែកថែទាំសុខភាពរបស់ពួកគេ ដែលបក្សប្រជាធិបតេយ្យហៅថា "វិបត្តិថែទាំសុខភាព"។ ខាងបក្សសាធារណរដ្ឋវិញ បានជជែកពីជំហានបន្ទាប់ដើម្បីដោះស្រាយភាពជាប់គាំង និងជំហរដ៏រឹងរូសជាមួយបក្សប្រជាធិបតេយ្យ ប៉ុន្តែរហូតមកទល់ពេលនេះ ភាពទាល់ច្រកនៅតែមិនទាន់អាចទម្លាយបាន៕

Powered by Blogger.