ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជួបពិភាក្សាការងារជាមួយមេបញ្ជាការបេសកកម្ម IOT (HOD) ប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT)
11 September, 2025
យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ត្រី DATO’ PAHLAWAN SHRI BIN SHUKOR មេបញ្ជាការបេសកកម្ម IOT (HOD) ប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។
នៅក្នុងជំនួបនោះផងដែរ បានឱ្យដឹងបន្ថែមថា វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍(IOT)នាពេលនេះ គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធាន ដែលដឹកនាំសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យនិងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។
សូមជម្រាបជូនថា សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់៕
Post a Comment