ទោះក្នុងរដូវវស្សា ដើមខែកញ្ញានេះ កម្ពុជាមានគ្រោះអគ្គិភ័យកើតឡើងស្ទើររាល់ថ្ងៃ!
បើតាមលោក ទូច សុឃៈ គ្រោះកាចនេះ បានបណ្ដាលឱ្យខូចខាតផ្ទះ៨ខ្នង បន្ទប់១ តូបលក់ដូរ១ ឃ្លាំង១ខ្នង យានដ្ឋាន១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ខណៈក្នុងចំណោមជនរងគ្រោះ ក៏មានករណីស្លាប់ផងដែរ។
តាមអ្នកនាំពាក្យ ករណីអគ្គិភ័យទាំងនោះ មាននៅរាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ។ លោកសម្ដែងការសោកស្ដាយជាមួយពលរដ្ឋរងគ្រោះ និងបានលើកទឹកចិត្តខ្ពស់ ចំពោះការខិតខំអន្តរាគមន៍របស់សមត្ថកិច្ច។
ដើម្បីពង្រឹងការទប់ស្កាត់ លោក ទូច សុឃៈ បានអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ទោះជាពេលនេះជារដូវវស្សាក៏ដោយ ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ទាំងតាមបណ្ដាខ្នងផ្ទះ ទីសក្ការៈ និងវត្តអារាម ជាដើម។
លោកទទូចឱ្យពលរដ្ឋ ត្រៀមជានិច្ច បំពង់ពន្លត់អគ្គិភ័យ ធុងទឹក ដីខ្សាច់ ភួយ បាវ ប៉ែល ត្រសេះ និងទុកដាក់សារធាតុងាយឆេះ ឬផ្ទុះឱ្យបានត្រឹមត្រូវ មុនចេញពីផ្ទះត្រូវបិទប្រព័ន្ធអគ្គិសនី និងពន្លត់ភ្លើងចង្ក្រាន ចង្ក្រានហ្គាសឬឧស្ម័ន ទៀន ធូប ជាដើម។
ក្នុងឆ្នាំ២០២៤ កម្ពុជាមានករណីអគ្គិភ័យចំនួនជាង១ពាន់លើក បណ្ដាលឱ្យមនុស្សស្លាប់១៤នាក់ និងរបួស៤៣នាក់។ រយៈពេល ៦ខែដើមឆ្នាំ២០២៥នេះវិញ មានជាង ៥០០លើក បណ្ដាលឱ្យមានអ្នកស្លាប់២១នាក់។ នេះមិនទាន់គិតពីការខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិផង៕
ដោយ កញ្ញា សេង សុខហ៊ុន
Post a Comment