CMAC បង្ហាញរណ្តៅជាច្រើនកន្លែងដែលទាហានថៃ ទម្លាក់គ្រាប់ជាមួយនឹងពាក្យបែបចំអកថា ជារឿងរ៉ាវពិតមិនមែនកាឡៃ និងលាបពណ៌ដូចប្រទេសម្ខាងនោះទេ
ឯកឧត្តម ហេង រតនា អគ្គនាយក CMAC បានបង្ហាញរូបភាពរណ្តៅជាច្រើនកន្លែង ដែលទាហានថៃបាន ទម្លាក់គ្រាប់បែក ក្នុងសង្រ្គាមចំនួន៥ថ្ងៃ ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ខណៈរណ្តៅទាំងនោះត្រូវបានត្រួតពិនិត្យសំណាកភស្តុតាង និងកំណត់ចំនុចទីតាំងច្បាស់លាស់ ហើយមិនមែនជារណ្តៅកាឡៃ និងលាបពណ៌ដូចប្រទេសម្ខាងចោទប្រកាន់នោះទេ។
តាមរយៈបណ្តាញសង្គមហ្វេសបុក នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បានលើកឡើងថា រូបភាពរណ្តៅគ្រាប់បែកទម្លាក់ពីយន្តហោះនិងគ្រាប់ផ្លោងទាំងនេះ ជាកំណត់ត្រាជាក់ស្តែងនិងជាចំណែកតូចមួយនៃមរតកក្នុងសង្គ្រាម៥ថ្ងៃ ២៤-២៨ កក្កដា ២០២៥ ដោយបានត្រួតពិនិត្យសំណាកភស្តុតាងនិងកំណត់ចំនុចទីតាំងច្បាស់លាស់ព្រមទាំងមានដៃគូអន្តរជាតិមួយចំនួនចូលរួមជាមួយអ្នកជំនាញបច្ចេកទេសអង្គភាពCMACផងដែរ។
ឯកឧត្តមបានថ្លែងបែបចំអកឡកឡឺយថា «មិនមែនជារណ្តៅគ្រាប់ ឬក៏គ្រាប់បែកកើតចេញពីកាឡៃនៃការទម្លាក់គ្រាប់បែកសម័យឆ្នាំ១៩៧០-១៩៧៣ដូចការចោទប្រកាន់លាបពណ៌របស់ភាគីម្ខាងទៀតនោះទេ! កម្ពុជាបាននិងកំពុងបង្ហាញរឿងរ៉ាវ និងទិដ្ឋភាពពិតជាក់ស្តែង ប្រកបដោយតម្លាភាព និងមិនត្រូវការក្រឡៃលាបពណ៌អ្វីនោះទេ!»៕
Post a Comment