ជនសង្ស័យបាញ់សម្លាប់ Charlie Kirk មិនសហការជាមួយអាជ្ញាធរ តែមូលហេតុនៃឃាតកម្មអាចជាប់ពាក់ព័ន្ធទៅនឹងការប្រឆាំងការស្រឡាញ់ភេទដូចគ្នា



អភិបាលរដ្ឋ Utah លោក Spencer Cox បាននិយាយថាបុរស ជនសង្ស័យដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធទៅនឹងការសម្លាប់សកម្មជនស្តាំនិយម Charlie Kirk មិនបានសហការជាមួយអាជ្ញាធរទេ ប៉ុន្តែអ្នកស៊ើបអង្កេតកំពុងព្យាយាមរកមូលហេតុដែលនាំឱ្យមានការបាញ់ប្រហារនេះ ដោយសួរនាំពីមិត្តភក្តិនិងក្រុមគ្រួសាររបស់គាត់។

លោក Cox បាននិយាយថាកាលពីថ្ងៃអាទិត្យ ទី១៤ កញ្ញាថា ខ្មាន់កាំភ្លើងដែលជាប់ចោទមានឈ្មោះ Tyler Robinson អាយុ ២២ឆ្នាំ នឹងត្រូវចោទប្រកាន់ជាផ្លូវការនៅថ្ងៃអង្គារនេះ ខណៈពេលនេះជនសង្ស័យកំពុងតែស្ថិតនៅក្នុងការឃុំខ្លួននៅរដ្ឋ Utah។

ក្រុមអ្នកស៊ើបអង្កេតមិនទាន់អាចសន្និដ្ឋានបានថា ហេតុអ្វីបានជា Robinson បានឡើងលើដំបូលសាកលវិទ្យាល័យ Utah Valley ក្នុងពេលមានព្រឹត្តិការណ៍ក្រៅអាគារ ហើយបានបាញ់សម្លាប់ Charlie Kirk ចំបំពង់កនៅចម្ងាយឆ្ងាយកាលពីថ្ងៃពុធនោះទេ។

លោក Kirk ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងជាសហស្ថាបនិកនៃក្រុមនិស្សិតអភិរក្ស Turning Point USA ត្រូវបានសម្លាប់ដោយការបាញ់ តែមួយគ្រាប់ក្នុងអំឡុងពេលព្រឹត្តិការណ៍ដែលចូលរួមដោយមនុស្សជាង ៣០០០នាក់ នៅក្នុងទីក្រុង Orem។

ករណីសម្លាប់នេះបាននាំឱ្យមានការភ័យខ្លាចជាថ្មីចំពោះការកើនឡើងនៃអំពើហិង្សាផ្នែកនយោបាយនៅសហរដ្ឋអាមេរិក និងបន្ថែមភាពបែកចែកកាន់តែជ្រៅរវាងឆ្វេងនិយម និងស្តាំនិយម។

លោក Cox បានប្រាប់កម្មវិធី This Week របស់ទូរទស្សន៍ ABC ថា ឈ្មោះ Robinson មិនបានសារភាពចំពោះមុខអ្នកស៊ើបអង្កេតឡើយ។

អភិបាលរដ្ឋមកពីគណបក្សសាធារណរដ្ឋបាននិយាយថា៖ «គាត់មិនសហការទេ ប៉ុន្តែមនុស្សទាំងអស់ដែលនៅជុំវិញគាត់បានសហការ ហើយខ្ញុំគិតថាវាមានសារៈសំខាន់ណាស់»។

មនុស្សម្នាក់ដែលត្រូវបានគេជឿថាកំពុងជួយអ្នកស៊ើបអង្កេត គឺជាមិត្តដែលស្នាក់នៅផ្ទះរួមគ្នាជាមួយជនសង្ស័យ និងជាគូស្នេហ៍របស់ Robinson ផ្ទាល់។ លោក Cox បាននិយាយដោយយោងតាម FBI ថា មិត្តដែលស្នាក់នៅជាមួយជនសង្ស័យម្នាក់នោះគឺជាបុរសដែលកំពុងកែភេទទៅជាស្ត្រី ហើយបាននិយាយថា បុរសរូបនេះផ្ដល់ការសហការយ៉ាងខ្លាំងជាមួយនិងអ្នកស៊ើបអង្កេត។

អ្នកស៊ើបអង្កេតបានរកឃើញសារដែលឆ្លាក់ចូលទៅក្នុងប្រអប់គ្រាប់កាំភ្លើងចំនួន ៤ ដែលមានទាំងសារកំប្លែងបែបនយោបាយ និងកំប្លែងនៅក្នុងហ្គេម។ វាបង្ហាញថា អ្នកបាញ់ប្រហែលមានបំណងផ្ញើសារមានន័យជាក់លាក់ណាមួយ។

លោក Charlie Kirk ត្រូវបានគេស្គាល់ថា ជាសកម្មជនអភិរក្សនិយម ដែលមានមតិប្រឆាំងទៅនឹងអ្នកស្រឡាញ់ភេទដូចគ្នា និងមតិប្រឆាំងទៅនឹងជនអន្តោប្រវេសន៍ ដោយបានទាក់ទាញក្រុមអ្នកអភិរក្សជាច្រើន ប៉ុន្តែក៏ធ្វើឲ្យមានរម្មណ៍ប្រឆាំងយ៉ាងខ្លាំងពីពួកសេរីនិយម និងទទួលបានការរិះគន់យ៉ាងខ្លាំងផងដែរ។

ជនសង្ស័យ Robinson ជានិស្សិតឆ្នាំទី៣ ក្នុងកម្មវិធីបណ្តុះបណ្តាលជាងអគ្គិសនី នៅវិទ្យាស្ថានបច្ចេកទេស Dixie ដែលជាផ្នែកមួយនៃប្រព័ន្ធសាកលវិទ្យាល័យសាធារណៈរបស់រដ្ឋ Utah ត្រូវបានចាប់ខ្លួននៅផ្ទះឪពុកម្តាយរបស់គាត់ដែលមានចម្ងាយប្រហែល ៤២០គីឡូម៉ែត្រពីកន្លែងកើតហេតុ ក្រោយពីមានការបាញ់ប្រហារ ៣៣ម៉ោង៕ ប្រភព៖ រ៉យទ័រ

Powered by Blogger.