ថាក់ស៊ីន ហោះទៅដល់ឌូបៃហើយ លោកថា ពេលចេញពីថៃ ប៉ូលិសសួរនាំ២ម៉ោង ធ្វើឱ្យយន្តហោះលោកមិនអាចចុះចតនៅចំណតសម្រាប់យន្តហោះឯកជននៅសិង្ហបុរីបាន ព្រោះគេបិទម៉ោង១០យប់



ថៃ៖ អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានប្រកាសតាមបណ្តាញសង្គម X ជាផ្លូវរបស់លោកក្រោយបានចុះចតដល់ទឹកដីអារ៉ាប៊ីសាអូឌីតដោយសុវត្ថិភាពលោកថាតាមពិតទៅគោលដៅលោកគឺចុះចតនៅសិង្ហបុរីដូចការគ្រោងទុក តែដោយសារតែប៉ូលីសថៃធ្វើការឃាត់និងសួរនាំលោកអស់ជាងពីរម៉ោងតាមការហោះហើរលោកត្រូវបានពន្យារពេល និងមិនអាចចុះចតនៅសិង្ហបុរីបានដូចការគ្រោងទុក។

តាមសំណេរលោកថាក់ស៊ីនបានរៀបរាប់ទៀតថាថ្ងៃនេះ ខ្ញុំមានបំណងធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាពជាមួយវេជ្ជបណ្ឌិត ដែលខ្ញុំបានព្យាបាលពីមុន ពេលខ្ញុំនៅក្រៅប្រទេស។ ក៏ប៉ុន្តែក្រុមអន្តោប្រវេសន៍ថៃបានពន្យារពេលខ្ញុំជិតពីរម៉ោង ទោះបីជាខ្ញុំបានឈ្នះករណីរបស់ខ្ញុំរួចហើយប្រឆាំងនឹងការហាមឃាត់ការធ្វើដំណើររបស់ខ្ញុំ និងមានសិទ្ធិធ្វើដំណើរដូចជនជាតិថៃដទៃទៀតក៏ដោយ។ ក្នុងអំឡុងពេលហោះហើរ អ្នកបើកយន្តហោះបានប្រាប់ខ្ញុំថា ការពន្យាពេលនឹងរារាំងការហោះហើររបស់ខ្ញុំពីការចុះចតនៅអាកាសយានដ្ឋាន Seletar (នៅសិង្ហបុរី) ដែលប្រើសម្រាប់ចុះចតយន្តហោះឯកជន។ អាកាសយានដ្ឋាននេះដំណើរការរហូតដល់ម៉ោង ១០:០០ យប់ប៉ុណ្ណោះ (ម៉ោងនៅសិង្ហបុរីគឺមុនប្រទេសថៃមួយម៉ោង) ដូចច្នេះយន្តហោះលោកមិនអាចចតបាននោះទេ។

លោកបន្តទៀតថាដោយសារខ្ញុំមិនអាចចុះចតនៅសិង្ហបុរីបាន ខ្ញុំក៏សម្រេចចិត្តឲ្យអ្នកបើកយន្តហោះប្ដូរគម្រោងទៅឌូបៃ។ ខ្ញុំមានវេជ្ជបណ្ឌិតផ្នែកឆ្អឹង និងសួតយូរមកហើយនៅទីក្រុងឌូបៃ ហើយខ្ញុំក៏មានឱកាសទៅលេងមិត្តភ័ក្តិនៅទីក្រុងឌូបៃ ដែលខ្ញុំមិនបានឃើញក្នុងរយៈពេលជាងពីរឆ្នាំមកនេះផងដែរ។ ខ្ញុំមានបំណងត្រឡប់ទៅប្រទេសថៃមិនឱ្យហួសថ្ងៃទី៨ ដើម្បីចូលខ្លួនទៅបំភ្លឺនៅតុលាការនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។

គួរកត់សម្គាល់ថាតុលាការថៃនឹងហៅលោកទៅបំភ្លឺលើសុំណុំរឿងដ៏ក្ដៅគគុករបស់លោកមួយទៀត ពាក់ព័ន្ធករណីក្លែងថាមានជំងឺត្រូវដេកសម្រាកនៅមន្ទីរពេទ្យជំនួសឲ្យការនៅក្នុងគុក រយៈពេល៦ខែចាប់តាំងពីលោកធ្វើមាតុភូមិនិវត្តន៍វិញកាលពីឆ្នាំថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ។ សាលក្រមសុំណុំរឿងលោកនេះគ្រោងនឹងប្រកាសឡើងនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ខាងមុខនេះ៕


Powered by Blogger.