បណ្ឌិត ទូច វណ្ណៈ ៖ ខ្មែរនឹងកាន់តែឈឺចាប់ បើខ្មែរមិនជឿជាក់លើរាជរដ្ឋាភិបាល ឬខ្មែរបែកបាក់សាមគ្គីនោះ!
លោកបណ្ឌិត ទូច វណ្ណៈ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះសារក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្រោមចំណងជើងថា “ខ្មែរនឹងកាន់តែឈឺចាប់ បើខ្មែរមិនជឿជាក់លើរាជរដ្ឋាភិបាល ឬបឬកបាក់សាមគ្គីនោះ”។
ក្នុងសំណេរនោះ លោកបណ្ឌិត ទូច វណ្ណៈ បានគូសបញ្ជាក់ថា ជាបន្តបន្ទាប់ កងទ័ពថៃ តែងតែបង្ករឿង និងប្រើល្បិចកលគ្រប់រូបភាព ដើម្បីឱ្យកងទ័ពនិងប្រជាជនកម្ពុជា តបតដោយហិង្សា ឬផ្ទុះអាវុធមុន បន្ទាប់មកកងទ័ពថៃ ក៏ប្រើលេសនេះ វាយប្រហារមកលើកម្ពុជា បំពេញមហិច្ឆតាឈ្លានពានរបស់ខ្លួនជាថ្មី ហើយអាចនឹងមានទ្រង់ទ្រាយធំជាងមុនទៅទៀត។
លោកបណ្ឌិត បានបន្តថា យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំប្រទេស កងទ័ព និងប្រជាជនកម្ពុជា បានដឹងនិងមើលឃើញយ៉ាងច្បាស់ពីល្បិចកល និងមហិច្ឆតាឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ដើម្បីទប់ទល់ល្បិចកលនិងមហិច្ឆតារបស់ថៃ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាន់ជំហរច្បាស់លាស់ក្នុងការដោះស្រាយដោយសន្តិវិធី ទាំងតាមផ្លូវការទូត និងយន្តការអន្តរជាតិ។
លោកបណ្ឌិត ទូច វណ្ណៈ បានបន្តទៀតថា យន្តការអន្តរជាតិ ដែលសម្តេចធិបតី បានប្រើប្រាស់មានជាអាទិ៍ ការស្នើសុំកិច្ចអន្តរាគមន៍ពីឯកឧត្តម អានវ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពិសេសឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក រហូតសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) ក្រោមការសម្របសម្រួលពីលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងមានការអង្កេតដោយយកចិត្តទុកដាក់ពីប្រទេសចិន។ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់មក ជម្លោះប្រដាប់អាវុធរវាងកងទ័ព នៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) មិនបានកើតមានទៀតទេ បើទោះជាសភាពការណ៍នៅតាមព្រំដែន នៅតែស្ថិតក្នុងស្ថានភាពតានតឹងដោយសារតែការចេតនាបង្កហេតុរបស់ទាហានថៃក្តី។ ចំពោះយន្តការទ្វេភាគី គឺកម្ពុជា តែងផ្តល់តម្លៃទៅលើលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) ខណៈដែលភាគីថៃ មិនបានអនុវត្តឱ្យបានពេញលេញនូវស្មារតីនៃរាល់កិច្ចប្រជុំទ្វេភាគីនោះឡើយ។
លោកបណ្ឌិត ទូច វណ្ណៈ ក៏បានសង្កត់ធ្ងន់ថា ជាមួយគ្នានេះ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានសម្តេចធិបតីនាយករដ្ឋមន្ត្រី លើកឡើងក្នុងកិច្ចជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃប្រទេសសំខាន់ៗនៅលើពិភពលោក ដើម្បីជំរុញឱ្យមានកិច្ចអន្តរាគមន៍ដោះស្រាយបញ្ចប់បញ្ហានេះ ដោយសន្តិវិធី អនុលោមតាមកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។
លោកបណ្ឌិត ក៏បានសង្កត់ធ្ងន់ដែរថា ដំណាលគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រើប្រាស់យន្តការការទូត យ៉ាងសកម្ម នៅគ្រប់ជំនួបជាមួយមេដឹកនាំបរទេស ដើម្បីរកដំណោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា។
ក្នុងសំណេរដដែល លោកបណ្ឌិត ទូច វណ្ណៈ បានគូសបញ្ជាក់ថា ជាងនេះទៅទៀត កម្ពុជា ក៏បានសម្រេចចិត្តយកសំណុំរឿងជម្លោះព្រំដែនកម្ពុជា-ថៃ នៅ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច និងប្រាសាទតាក្របី ដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើទោះជាភាគីថៃ តាមរយៈមេដឹកនាំនិងកងទ័ពរបស់ខ្លួន ជាបន្តបន្ទាប់ប្រកាសធ្វើពហិការយន្តការនេះក្តី។
លោកបណ្ឌិត ទូច វណ្ណៈ បានគូសបញ្ជាក់ដែរថា ជាមួយគ្នានេះដែរ កងទ័ពកម្ពុជា គោរពអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល យ៉ាងខ្ជាប់ខ្ជួន មិនមានកងទ័ពណាម្នាក់ ឬក្រុមទ័ពណាមួយ ប្រព្រឹត្តតាមអំពើចិត្ត ដូចកងទ័ពថៃ នោះទេ។ ចំណែកឯបងប្អូនប្រជាពលរដ្ឋខ្មែរយើង នៅគ្រប់មជ្ឈដ្ឋាន មិនថាអ្នករស់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ អ្នករស់នៅក្នុងរាជធានី ខេត្តទូទៅប្រទេស ក៏ដូចជាអ្នករស់នៅតាមបណ្តាប្រទេសនានានៅលើសកលលោក ក៏បានបង្ហាញជំហរសាមគ្គីភាព គោរពអនុវត្តតាម និងមានជំនឿជឿជាក់ទាំងស្រុងលើរាជរដ្ឋាភិបាលកម្ពុជា។ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរ បានរួបរួមសាមគ្គីគ្នាជាធ្លុងមួយដ៏រឹងមាំ និងបានចូលរួមបរិច្ចាគថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ជូនដល់កងកម្លាំងជួរមុខ និងពលរដ្ឋដែលភៀសខ្លួនពីតំបន់សង្គ្រាម បានយ៉ាងល្អប្រសើរ ខណៈដែលគ្រួសារវីរកងទ័ពដែលបានពលីនិងរបួស ក៏ត្រូវបានយកចិត្តទុកដាក់ជាពិសេសផងដែរ។
លោកបណ្ឌិត ទូច វណ្ណៈ បានសង្កត់ធ្ងន់ផងដែរថា ជារួម! សាធារណមតិទាំងជាតិនិងអន្តរជាតិ ក្នុងនោះមានទាំងមេដឹកនាំប្រទេសមហាអំណាចនានា បានគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរនិងយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ការទូត និងច្បាប់អន្តរជាតិ។ ក្នុងន័យនេះ បើសិនជារាជរដ្ឋាភិបាល ប្រើយន្តការធ្វើសង្គ្រាមជាមួយកងទ័ពថៃវិញនោះ រហូតមកដល់ពេលនេះ មិនដឹងថា ទាំងកម្ពុជា និងថៃ មានកងទ័ពនិងប្រជាជន ប៉ុន្មាននាក់ ដែលត្រូវស្លាប់ និងរបួស? ហើយតើមានផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រាសាទ ហេដ្ឋារចនាសម្ព័ន្ធនានា និងស្រែចំការប៉ុន្មាន ត្រូវបានបំផ្លាញដោយសារគ្រាប់កាំភ្លើង គ្រាប់បែក អាវុធធុនធ្ងន់។ល។?
លោកបណ្ឌិត បានបន្តទៀតថា ជាមួយគ្នានេះ ប្រសិនបើកងទ័ពកម្ពុជា មិនគោរពអនុវត្តតាមរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់ខ្លួន ប្រជាជនកម្ពុជា មិនជឿជាក់លើរាជរដ្ឋាភិបាលខ្លួន ប្រជាជន មិនមានការអត់ធ្មត់ចំពោះល្បិចកលឈ្លានពានរបស់កងទ័ពថៃ ហើយនាំគ្នាប្រើអំពើហិង្សា ឬផ្ទុះអាវុធមុន ប្រឆាំងនឹងកងទ័ពថៃ តើលទ្ធផលវានឹងទៅជាយ៉ាងណា? ការឈឺចាប់ដែលមានរាល់ថ្ងៃ វានឹងបាត់ទៅវិញ ឬបង្កើនការឈឺចាប់កាន់តែខ្លាំងថែមទៀត។
នៅចុងបញ្ចប់នៃសំណេរ លោកបណ្ឌិត ទូច វណ្ណៈ សង្កត់ធ្ងន់ផងដែរថា មួយវិញទៀត ប្រសិនបើខ្មែរបែកបាក់សាមគ្គី ដោយសារតែជឿតាមការញុះញង់ និងការផ្សព្វផ្សាយព័ត៌មានមិនពិតពីជនមួយចំនួនតូច និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ដែលចិញ្ចឹមចិត្តបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់ខ្មែរ សំដៅធ្វើយ៉ាងណាឱ្យខ្មែរ លែងជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ព តើកម្ពុជា នឹងទៅជាយ៉ាងណា? សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ កុំភ្លេចសុភាសិតខ្មែរថា “ខ្មែរសាមគ្គី ខ្មែរឈ្នះ ខ្មែរបែកបាក់សាមគ្គី ខ្មែរចាញ់”៕
Post a Comment