សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញរាប់បាត្រថ្ងៃភ្ជុំបិណ្ឌ វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់



(កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញរាប់បាត្រថ្ងៃភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីពិធីថ្វាយនូវគន្ធពិដោដល់ព្រះ បារមីព្រះពុទ្ធរូបគ្រប់អង្គរួចមក សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និងពុទ្ធបរិស័ទទាំងអស់ អញ្ជើញថ្វាយបង្គុំព្រះពុទ្ធរូប និងថ្វាយបង្គុំព្រះសង្ឃ ព្រមទាំងសមាទានសិល៍ ជាកិច្ចរំលឹកគុណ បុណ្យព្រះរតនត្រ័យដ៏ខ្ពង់ខ្ពស់ តាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ក្រោមកិច្ចដឹកនាំរបស់លោកអាចារ្យ និងព្រះគ្រូចៅអធិការវត្តវាំងចាស់។

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងឥស្សរជនជាន់ខ្ពស់ទាំងអស់ និងពុទ្ធបរិស័ទទីជិតឆ្ងាយ បានធ្វើបទនមសិកាព្រះរតនត្រ័យ សមាទានសិល៍ រំលឹកដល់ព្រះសម្មា សម្ពុទ្ធព្រះបរមគ្រួនៃយើង ដែលព្រះអង្គត្រាសដឹង នូវអនុត្តរះសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឲ្យពុទ្ធបរិស័ទគ្រប់ជំនាន់ គោរពប្រតិបត្តិជារៀងដរាប រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត។

លំដាប់អំពីបទនមសិកាព្រះរតនត្រ័យ ព្រះសង្ឃសូត្រធម៌ប្រោសព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរដល់ពុទ្ធបរិស័ទទាំងអស់ ក្នុងបុណ្យឆ្លងនៃពិធីបុណ្យភ្ជុំបិណ្ឌរួចមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឥស្សរជន និងប្រជាពុទ្ធបរិស័ទទាំងអស់ អញ្ជើញរាប់បាត្រព្រះសង្ឃ ដើម្បីព្រះសង្ឃគ្រប់អង្គសូត្រ នូវធម៌សកប្បករុណាភិធម្ម បង្សុកុល ជាកិច្ចឧទ្ទិសបញ្ជូននូវកុសលផលបុណ្យ ដែលកើតមានឡើងក្នុងថ្ងៃបុណ្យឆ្លង នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ជូន ដល់បុព្វការីជន មានមាតាបិតាញាតិការទាំងប្រាំពីរសណ្តានទាំងអស់។

ក្នុងនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក៏បានប្រគេនទេយ្យទាន គ្រឿងឧបភោគ បរិភោគ ជូនព្រះសង្ឃគង់នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ រួមមាន៖ ទឹកក្រូច ចំនួន២០កេស, ទឹកសុទ្ធអារ៉ូណាតូច ចំនួន៣០កេស, ទឹកសណ្ដែក ចំនួន៥កេស, ទឹកផ្លែឈើគូលែន ចំនួន៥កេស, ទឹកត្រឡាច ចំនួន៥កេស, ទឹកដោះគោខាប់ ចំនួន២កេស, ស្ករស ចំនួន២០គីឡូក្រាម, កាហ្វេ ចំនួន៣កេស, ផ្លែគូលែន ចំនួន៥កេស, តែ ចំនួន៥គីឡូក្រាម, នំចិន ចំនួន២កន្ដ្រក់, ផ្លែឈើ ចំនួន២កន្ដ្រក់, ត្រីខ ចំនួន៥កេស, ត្រីងៀត ចំនួន១៥គីឡូក្រាម, សាច់ក្រក ចំនួន១០គីឡូក្រាម, មីជាតិ ចំនួន៣កេសធំ, អង្ករ ចំនួន៥០០គីឡូក្រាម និងបច្ច័យចំនួន១០លានរៀល៕







Powered by Blogger.