ឧកញ៉ាសាស្រ្ដាចារ្យសមូហកបណ្ឌិត ឡី សុភាព អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (លើកទី១) រំលឹកខួប៣២ឆ្នាំ ទិវាប្រកាសរដ្ឋធម្មនុញ្ញ
នៅព្រឹកថ្ងៃទី២៤
ខែកញ្ញា ឆ្នាំ២០២៥ ដែលជាទិវាប្រកាសរដ្ឋធម្មនុញ្ញ
ឧកញ៉ាសាស្រ្តាចារ្យសមូហកបណ្ឌិត ឡី សុភាព
ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ
ដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាលើកទី១
ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋាន
វិមានរដ្ឋធម្មនុញ្ញ។
រយៈពេលជាង៣០ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ
ក្រោមម្លប់នៃសុខសន្តិភាពនិងឯកភាពជាតិ អាស្រ័យដោយ មាននយោបាយឈ្នះ ឈ្នះ
របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
បានធ្វើឱ្យសម្រេចសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លាលើគ្រប់វិស័យ
ជាអាទិ៍ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ការពង្រឹងឯករាជ្យ
អធិបតេយ្យជាតិ បូរណភាពទឹកដី អារ្យធម៌អង្គរដ៏បវរ
និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ។
ក្នុងបរិបទដ៏ថ្លៃថ្លានេះ
វិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រមួយ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ
និងត្រូវបានសម្ពោធកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤
ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត
ដោយនៅពេលនោះ ព្រះអង្គបានប្រោសព្រះរាជទានព្រះបរមរាជឱង្ការថា
«វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យ
និមិត្តរូបនីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញ
ជាកំពូលនៃច្បាប់ផងទាំងឡាយនៅព្រះរាជាណាចក្រកម្ពុជាយើង»។
ហើយព្រះអង្គបានសំណូមពរថា
«សមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់សម្រេចបានយ៉ាងដូច្នេះ
សូមប្រជាជាតិខ្មែរទាំងមូល តាំងចិត្តក្នុងសម្មាទិដ្ឋិ
ប្រកាន់យកជានិច្ចនិរន្តរ៍នូវស្មារតី យើងប្រជារាស្ត្រខ្មែរ រួបរួមគ្នា
ថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស
ជានិមិត្តរូបនៃគុណតម្លៃទំនើបរួមផ្សំបុរាណ
ជាការសន្យាចំពោះអនាគតរុងរឿងនៃប្រជាជាតិយើង»៕
Post a Comment