បង្ក្រាបទីតាំង ពាក់ព័ន្ធបទល្មើសឆ.បោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣កន្លែង ឃា.ត់ខ្លួនជនបរទេស២៤នាក់



(ភ្នំពេញ)៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះត្រួតពិនិត្យទីតាំងជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ០២កន្លែង និងបង្ក្រាបទីតាំង ០១កន្លែង ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ ស៊ើបអង្កេតបញ្ជាក់ និងឃ្លាំមើលទីតាំងខាងលើប្រមាណ ០៣ខែកន្លងមក។

ការបង្ក្រាប ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងគោលការណ៍ ណែនាំពី លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចង្អុលដឹកនាំដោយផ្ទាល់ពី នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ។

សមត្ថកិច្ចជំនាញ បានរកឃើញជនបរទេសសរុបចំនួន ២៤នាក់ (ស្រី ០៣នាក់) លើ ០៣សញ្ជាតិ កំពុងស្នាក់នៅ និងបម្រើការងារក្នុងទីតាំងខាងលើ ដែលបានដកហូតវត្ថុតាងដូចជា កុំព្យូទ័រយួរដៃ Tablet Ipad ទូរសព្ទដៃ និងSim card បរទេស ដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា។

ជនសង្ស័យជាជនបរទេសទាំងអស់ ត្រូវបាននាំខ្លួនមកនាយកដ្ឋានជំនាញ បន្តនីតិវិធីសាកសួរ ដើម្បីឈានទៅស្រាវជ្រាវកំណត់ស្វែងរកមុខសញ្ញាមេខ្លោង៕





Powered by Blogger.