ដោយចេះតែបង្កបញ្ហាជាញឹកញយ លោកវរសេនីយ៍ត្រី ហួត គង់ អធិការរងខណ្ឌចំការមន ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដកហូតមុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ មូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា

 


អធិការរងខណ្ឌចំការមន វរសេនីយ៍ទោ ហួត គង់ ដែលតែងបង្កបញ្ហាញឹកញយ និងប្រើពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋ ពេលនេះត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកមុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិហើយ។

វរសេនីយ៍ត្រី ហួត គង់ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យទៅលើសាក្សីម្នាក់ដែលជាអ្នកផ្ដល់ព័ត៌មានអំពីករណីឃាតកម្មសម្លាប់ស្ដ្រីជនបរទេសម្នាក់នៅខណ្ឌចំការមន ព្រមទាំងអ្នកសារព័ត៌មាន ដែលជួយផ្ដល់ព័ត៌មានដល់សមត្ថកិច្ច។ ឥរិយាបថរបស់អធិការរងរូបនេះបាននាំឱ្យមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់សាធារណមតិ។

ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តទណ្ឌកម្មខាងវិន័យចំពោះវរសេនីយ៍ត្រី ហួត គង់ អធិការរងនគរបាលខណ្ឌចំការមន តាមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ។ នេះយោងតាមប្រកាសរបស់លោករដ្ឋមន្ត្រីមហាផ្ទៃ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ។







Powered by Blogger.