លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល
នៅរសៀលថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រតិភូអមដំណើរ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
បន្ទាប់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ឡើងអានរបាយការណ៍ស្វាគមន៍ ស្តីពីស្ថានភាពកម្លាំង និងសកម្មភាពការងាររបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជូនគណៈអធិបតី និងអង្គពិធីរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងការសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងបានថ្លែងការកោតសរសើរដល់ លោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការនគរបាលខេត្តកណ្តាល ទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្ត បានល្អប្រសើរ ដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងនគរបាលទាំងអស់។
បន្ថែមពីនេះទៀត កន្លងមកនេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល គឺជាសមរភូមិក្រោយ ដែលបានចូលរួមចំណែកយ៉ាងច្រើនគាំទ្រដល់សមរភូមិមុខទាំងស្មារតី ស្បៀង សម្ភារៈ និងថវិកា ក្នុងស្មារតីសាមគ្គីជាតិ ដើម្បីការពារបូរណភាពទឹកដីពីចោរសៀមឈ្លានពាន។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ ក៏បានលើកឡើងនូវសភាពការណ៍ថ្មីៗរវាងកម្ពុជា-ថៃ ដែលបានធ្វើសកម្មភាពឈ្លានពានមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់មួយចំនួនរួមមាន៖ លើកកម្ពស់ស្មារតីសាមគ្គីភាព គោរពវិន័យរបស់កម្លាំងនគរបាលជាតិ និងមានមនសិការ និងវិជ្ជាជីវៈ ត្រូវចេះគ្រប់គ្រងព័ត៌មាន និងចេះវាយតម្លៃចំពោះប្រភពព័ត៌មានដែលមានប្រភពផ្លូវការច្បាស់លាស់។
មុននឹងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានធ្វើការជូនពរថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលទាំងអស់ ព្រមទាំងក្រុមគ្រួសារសូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
Post a Comment