សមត្ថកិច្ចស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនជនសង្ស័យ០១ម្នាក់ ក្នុងចំណោម០៣នាក់ ក្នុងករណី «លួចមានស្ថានទម្ងន់ទោស» ឆក់កាបូបស្ត្រីដេីរលេងយប់!
ខេត្តកណ្តាល÷ ករណី «លួចមានស្ថានទម្ងន់ទោស» មួយកេីតឡេីង នៅស្រុកកណ្ដាលស្ទឹង ខណៈដែលក្រុមចោរឆក់កាបូបមួយក្រុម បានដកកាំភ្លើងបាញ់គំរាមទៅលើជនរងគ្រោះ។ តែជនសង្ស័យ ០១ម្នាក់ ក្នុងចំណោមបក្ខពួកទាំងនោះ ត្រូវបានអ្នកដំណើរជិះម៉ូតូបុកដួល បណ្តាលឲ្យសន្លប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីធ្វើសកម្មភាពរួច។
ហេតុការណ៍ខាងលេីនេះបានកើតឡើងនៅម៉ោង ០១÷៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង។
ប្រភពបានឲ្យដឹងថា÷ នៅមុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ ពៅ ស្រីលីន ភេទស្រី អាយុ៣០ឆ្នាំ បានហៅ PassApp ០១គ្រឿង មកដឹកខ្លួននៅមុខហាង KTV មួយកន្លែង ដើម្បីត្រឡប់ទៅផ្ទះវិញ! ពេលនោះ ជនរងគ្រោះ ឈ្មោះ ខុន ស្រីនិច ភេទស្រីអាយុ២២ឆ្នាំ និងនារីម្នាក់ទៀត មិន(ស្គាល់ឈ្មោះ)ក៏បានជិះ PassApp ទៅជាមួយដែរ ដោយមានអ្នកបើក PassApp ឈ្មោះ ម៉ៅ ឌី ភេទប្រុស អាយុ ៣៦ឆ្នាំ។ ក្រោយពីជូននារី(មិនស្គាល់ឈ្មោះ)ចុះរួច ជនរងគ្រោះទាំង០៣នាក់ ក៏បានធ្វើដំណើរបន្តតាម PassApp ផ្លូវជាតិលេខ២ ពីទិសខាងត្បូងទៅជើង។
ប្រភពបានបន្តថា÷ ពេលជិះទៅដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យមានគ្នាចំនួន ០៤នាក់ ក៏បានធ្វើ សកម្មភាពឆក់កាបូបរបស់ជនរងគ្រោះ ឈ្មោះ ពៅ ស្រីលីន ខណៈពេលនោះ ជនរងគ្រោះបាន ប្រទាញប្រទង់កាបូបគ្នាទៅវិញទៅមក ជាមួយក្រុមជនសង្ស័យ បណ្តាលឲ្យកាបូបជ្រុះធ្លាក់ដល់ដី ខណៈពេលនោះអ្នកបើក PassApp បានបកត្រឡប់មកក្រោយវិញ ដើម្បីរើសកាបូបនោះ! ក៍ ស្រាប់តែបក្ខពួកក្រុមជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីបាញ់គំរាមមកលើជនរងគ្រោះ រួចក៏ចុះរើសកាបូបនោះ ជិះគេចខ្លួនបាត់តែម្តង។ លុះខណៈពេលជនសង្ស័យ ឈ្មោះ សាន វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ដែលកាន់កាំភ្លើងបាញ់មកលើជនរងគ្រោះនោះ ត្រូវបានអ្នកដំណើរឃេីញជាក់ស្តែង ក៏ជិះម៉ូតូបំបុកដួល បណ្តាលឲ្យសន្លប់នៅកន្លែងកើតហេតុតែម្តង ពេលនោះកាំភ្លើងខ្លីក៏បានខ្ទាតចេញពីដៃ ជនសង្ស័យ (ខ្ទាតទៅឆ្ងាយប្រមាណ ១៥ម៉ែត្រ)។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលជើងកើប បានចុះទៅដល់ ទីតាំងកន្លែងកើតហេតុ ដោយបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សាន វាសនា ព្រមទាំងដកហូតបានវត្ថុតាង មាន កាំភ្លើងខ្លីម៉ាក AK SAARMS AK21 ១ដើម, បង់ ១, គ្រាប់ ៥គ្រាប់ និងកាបូបក្រវ៉ាត់ចង្កេះចំនួន០១។
ជនសង្ស័យរូបនេះមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន (+) សារធាតុញៀន។ សម្ភារៈដែលបាត់បង់រួមមាន÷ កាបូប ១, ទូរស័ព្ទដៃ iPhone 15 ចំនួន០១គ្រឿង និងលុយ ១០០,០០០រៀល។
បច្ចុប្បន្ន ជនសង្ស័យដែលត្រូវឃាត់ខ្លួន ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ រីឯបក្ខពួករបស់សង្ស័យ ឈ្មោះ ភា ភេទប្រុស អាយុ៣៦ឆ្នាំ, និង ឈ្មោះ សៃ ស៊ីភុន ភេទប្រុសអាយុ ២២ឆ្នាំ, និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។ បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន៕
Post a Comment