សម្ដេចធីបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបើកសន្និសីទ UNOC3 ស្តីពីមហាសមុទ្រលើកទី៣ នៅប្រទេសបារាំង

 

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញចូលរួមពិធីបើកនៃសន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3) ក្រោមប្រធានបទ «ការពន្លនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» ទីក្រុងនីស ប្រទេសបារាំង។

ក្រោយជំនួបនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញជួបជាមួយ ឯកឧត្តម Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារផងដែរ។ 

សូមជម្រាបថា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដល់នៅទីក្រុងនីស ប្រទេសបារាំង ដើម្បីចូលរួមសន្និសីទ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ចាប់ពីថ្ងៃទី ៩-១១ ខែមិថុនា ឆ្នាំ២០២៥នេះ។ ដំណើរចូលរួមសន្និសីទ UNOC3 របស់សម្ដេចធិបតីនាពេលនេះគឺតបតាមការអញ្ជើញរបស់ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង អគ្គលេខាធិការអង្គការសហប្រជាជាតិ។

សន្និសីទ UNOC3 បានប្រព្រឹត្តទៅក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» ក្នុងនោះសម្តេចធិបតី នៅម៉ោងប្រមាណ ៩ យប់នេះនឹងធ្វើសេចក្តីថ្លែងការណ៍ជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅដោយគូសបញ្ជាក់ពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមរបស់កម្ពុជាពាក់ព័ន្ធអភិបាល កិច្ចមហាសមុទ្រភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ការចូលរួមរបស់កម្ពុជានាពេលនេះ ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រនិងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលដៅទី១៤ (ជីវិតក្រោមទឹត)៕






Powered by Blogger.