កាកបាទក្រហមបញ្ជាក់ថាមនុស្ស២៧នាក់ស្លា.ប់នៅហ្កាហ្សាក្រោយការបា.ញ់រះលើអ្នកស្វែងរកជំនួយ

 


 គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)បាននិយាយថា មន្ទីរពេទ្យចល័តកណ្ដាលវាលរបស់ខ្លួនក្នុងទីក្រុង Rafah របស់ដែនដីហ្កាហ្សា បានកត់ត្រាការស្លាប់ចំនួន ២៧នាក់កាលពីថ្ងៃអង្គារ៣មិថុនា ត្រូវនឹងចំនួនដែលផ្តល់ដោយក្រុមអ្នកជួយសង្គ្រោះ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារនៅជិតមជ្ឈមណ្ឌលផ្ដល់ជំនួយមួយកន្លែង។

ICRC បាននិយាយថា នៅព្រឹកព្រលឹមថ្ងៃអង្គារដដែលនោះ មន្ទីរពេទ្យចល័តរបស់កាកបាទក្រហមមាន គ្រែ៦០នៅទីក្រុង Rafah បានទទួលការហូរចូលនៃអ្នកជំងឺចំនួន១៨៤នាក់។ នេះរួមបញ្ចូលទាំង១៩ ករណីដែលត្រូវបានប្រកាសថាបានស្លាប់នៅពេលមកដល់ និង៨នាក់ទៀតបានស្លាប់មិនយូរប៉ុន្មានដោយសាររបួសរបស់ពួកគេ ។

អង្គការនេះបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកនៅរស់រានមានជីវិតពីឧបទ្ទវហេតុកាលពីព្រឹកព្រលឹម បាននិយាយថា ពួកគេកំពុងព្យាយាមទៅដល់កន្លែងចែកចាយជំនួយ។    

ទីភ្នាក់ងារការពារជនស៊ីវិលរបស់ហ្កាហ្សាបាននិយាយមុននេះថាមនុស្ស ២៧ នាក់ត្រូវបានសម្លាប់បន្ទាប់ពីទាហានអ៊ីស្រាអែលបានបាញ់រះទៅលើហ្វូងមនុស្សនៅជិតមជ្ឈមណ្ឌលចែកចាយជំនួយដែលគាំទ្រដោយសហរដ្ឋអាមេរិក។ 

យោធាអ៊ីស្រាអែលបាននិយាយថា មនុស្សមួយចំនួនដែលធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលផ្តល់ជំនួយបានចាកចេញពីផ្លូវដែលបានកំណត់ដោយជំរុញឱ្យមានការបាញ់កាំភ្លើងព្រមាន។ 


គួររម្លឹកថាមានការបាញ់ប្រហារស្រដៀងគ្នាបានកើតឡើងជិតមជ្ឈមណ្ឌលជំនួយដដែលនេះកាលពីថ្ងៃអាទិត្យ នៅពេលក្រុមអ្នកជួយសង្គ្រោះបានរាយការណ៍ថាមនុស្ស៣១នាក់ត្រូវបានសម្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល ហើយប្រភពមួយពីយោធាបានទទួលស្គាល់ថាពិតជាមានការបាញ់ប្រហារមួយចំនួនទៅលើក្រុមជនសង្ស័យ៕

Powered by Blogger.