ស្នងការនគបាលខេត្តសៀមរាប បានបញ្ជាក់ថា ពលរដ្ឋមានការបន្ទាន់អាចទៅប្ដឹងនៅប៉ុស្ដិ៍ប្រចាំបញ្ជាបាន បើប៉ុស្ដិ៍នគរបាលរដ្ឋបាល មិនទទួលពាក្យបណ្ដឹង
ខេត្តសៀមរាប៖ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញ មេប៉ូលិសខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី បានអះអាងថា ប្រជាពលរដ្ឋអាចទៅប្ដឹងនៅប៉ុស្ដិ៍ប្រចាំបញ្ជាបាន ប្រសិនមានករណីណាមួយបន្ទាន់ទៅប្ដឹងនៅ
តាមប៉ុស្ដិ៍នគរបាលរដ្ឋបាល មិនមានអ្នកទទួលពាក្យបណ្ដឹងនោះ។
ស្នងការខេត្តសៀមរាបលោកឧត្ដមសេនីយ៍ទោ ហួត សុធី បានមានប្រសាសន៍ប្រាប់ថា បើប្រជាពលរដ្ឋទៅប្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ដែលនៅក្បែរបងប្អូនហើយគាត់អត់ធ្វើការជូន ឬក៏យឺតយាវការងារនោះ បងប្អូនប្រជាពលរដ្ឋ អាចទៅដាក់ពាក្យបណ្ដឹង នៅតាមបណ្ដាប៉ុស្ដិ៍ប្រចាំបញ្ជាអចិន្ត្រៃយ៍ ដែលលោកបានកសាង និងដាក់ឲ្យបម្រើដល់ប្រជាពលរដ្ឋ តាមគោលដៅទាំង៧ទីតាំងដូចខាងក្រោមបាន៖
ទី១-រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ( ហៅថារង្វង់មូលគ្រុឌ )
ទី២-សួនច្បារ អ៊ុង អឿន
ទី៣-អាងក្រពើង
ទី៤-ខាងកើតរង្វង់មូលផ្ការំដួលស្វាយធំ
ទី៥-ចាន់សស្រុកសូទ្រនិគមក្បែរចូលទៅព្រលានយន្តហោះថ្មី
ទី៦-ស្តុកស្មាញលីង
ទី៧-គល់ស្ពានវត្តដំណាក់។
បើតាមស្នងការគ្រប់គោលដៅខាងលើសុទ្ធតែជាមន្ត្រីរង់ចាំធ្វើការជូន២៤ម៉ោង លើ២៤ម៉ោង ដែលពលរដ្ឋអាចទៅដាក់ពាក្យបណ្ដឹងបាននៅទីនោះផងដែរ។
ជាមួយគ្នានេះដែរស្នងការបានបញ្ជាក់ថា រឿងដែលបានកើតឡើងក្នុងមូលដ្ឋានពួកគាត់ក្ដី (ប្រជាពលរដ្ឋ) ឬក៏កើតឡើងចំពោះគាត់ក្ដី ក៏អាចធ្វើការខលទៅលេខទូរស័ព្ទប្រតិកម្មរហ័ស របស់ស្នងការរដ្ឋាននគរបាលខេត្តសៀមរាប បាន តាមរយៈលេខ 0977780013៕
Post a Comment