ឯកឧត្តម នេត្រ ភក្រ្តា៖ មិនត្រូវឱ្យមានព័ត៌មានក្លែងក្លាយដែលបង្កឱ្យមានការភ័យព្រួយ ឬមានការបារម្ភពីសំណាក់អ្នកទេសចរឡើយ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០២៥ ការប្រឆាំងព័ត៌មានក្លែងក្លាយគឺជាកិច្ចការងារមួយយ៉ាងសំខាន់ ដើម្បីធ្វើឱ្យប្រទេសកម្ពុជារបស់យើងនេះ គឺពោរពេញទៅដោយព័ត៌មានពិតត្រឹមត្រូវ ហើយក្នុងនេះការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ក៏ដូចគ្នាដែរ មិនត្រូវឱ្យមានព័ត៌មានក្លែងក្លាយបង្កឱ្យមានការភ័យព្រួយ ឬមានការបារម្ភពីសំណាក់អ្នកទេសចរនោះឡើយ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់បន្ថែមថា៖ «អ្វីដែលសំខាន់គឺការទប់ស្កាត់នូវរាល់ព័ត៌មានក្លែងក្លាយ ហើយនេះមិនត្រឹមតែជាផ្នែកមួយក្នុងការពង្រឹងសន្តិសុខព័ត៌មាន សុវត្តិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់នូវជំនឿទុកចិត្ត និងភាពជឿជាក់ទៅដល់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងប្រទេសកម្ពុជា ទាក់ទងទេសចរណ៍នៅកម្ពុជា និងវិធានផ្សេងៗគឺជាព័ត៌មានពិតត្រឹមត្រូវ ដែលមិនមែនជាព័ត៌មានក្លែងក្លាយបង្កើតឱ្យមានការភ័យព្រួយពីសំណាក់ក្រុមអ្នកទេសចរណ៍»។ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងដែរថាយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង ដែលជាយន្តការដើម្បីជំរុញចលនា ទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសបំពេញបន្ថែមចរន្តភ្ញៀវ ទេសចរក្នុងរដូវកាលបៃតង ដែលស្ថិតក្នុងអំឡុងខែឧសភា ដល់ ខែតុលា។ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ ចេញនូវសកម្មភាពក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរនេះ ការទទួលបានព័ត៌មានត្រឹមត្រូវ និងគ្រប់ជ្រុយជ្រោយ ពិតជាមានសារៈសំខាន់។
ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ទៀតថា៖ «ក្នុងការជួយផ្សព្វផ្សាយពីគ្នាទៅវិញទៅមកនូវវិស័យទេសចរណ៍ សក្តានុពលទេសចរណ៍ និង ក៏ដូចជារូបភាពផ្សេងៗនៃតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ពិសេសក្នុងខែមីនាកន្លងមកនេះ គឺចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ដែលជាព្រឹត្តិការណ៍អស្ចារ្យនោះគឺព្រះអាទិត្យរះចំពាក់កណ្តាលកំពូលអង្គរវត្ត ។រូបភាពនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានាដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសក្តានុពលទេសចរណ៍របស់កម្ពុជាក៏ដូចជាភាពអច្ឆរិយៈរបស់អង្គរដែលដូនតាខ្មែរបន្សល់ទុកឱ្យមកដល់សព្វថ្ងៃ»។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា ការចូលរួមលើកកម្ពស់វិស័យទេសចរណ៍និងពិសេសត្រូវអនុវត្តន៍យុទ្ធនាការ «រដូវកាលបៃតង (Green Season)» និងជួយជំរុញការលើកឆ្លាករមណីយដ្ឋានទេសចរណ៍ នៅតាមតំបន់រមណីយដ្ឋាននានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសពង្រឹងការផ្ដល់សេវាសាធារណៈគាំទ្រដល់វិស័យទេសចរណ៍ និងការវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍ ពង្រឹងការផ្សព្វផ្សាយឱ្យបានកាន់តែទូលំ ទូលាយ នូវសក្តានុពលទេសចរណ៍របស់កម្ពុជា។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍បានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសក្នុងអំឡុងរដូវកាលថ្មីៗបន្ថែមទៀត៕
ដោយ៖ មករា រូបថត៖ ខឹម សុវណ្ណារ៉ា
Post a Comment