ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនបរទេស២២នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធករណី Online Scam
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនបរទេស២២នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធករណី Online Scam
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទដែលជាជនបរទេសសរុបចំនួន ២២នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំងប្រព្រឹត្តនៅប្រទេសកម្ពុជា ប្រព្រឹត្តនៅចំណុចបន្ទប់លេខ ៣២០៥ ជាន់ទី៣២ អគារបាវលី (BAOLI INTER CITY) ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៦ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការប្រឆាំងការល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា។
យោងតាមដីកាចំនួន២២ផ្សេងគ្នារបស់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្ក្រាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទទាំង ២២នាក់ ទៅកាន់មណ្ឌលឃុំខ្លួនតាមការកំណត់របស់តុលាការ ពោល គឺជនត្រូវចោទចំនួន ២១នាក់ (ប្រុស) បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅ ពន្ធនាគាររាជធានីភ្នំពេញ (PJ) និងជនត្រូវចោទចំនួន ១នាក់ (ស្រី)ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ មណ្ឌលអប់រំកែប្រែទី២ (ម២)៕


Post a Comment