សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ មានប្រជាពលរដ្ឋសរុបចំនួន១១៩.៤៩០នាក់បានទទួលសេវាដឹកជញ្ជូនដោយឥតគិតថ្លៃពេលធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំខ្មែរមកនេះ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា
នៅលើបណ្ដាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដោយឥតគិតថ្លៃ ដើម្បីជាការកាត់បន្ថយបន្ទុកចំណាយសម្រាប់ប្រជាពលរដ្ឋ អាចយកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ រួមទាំងការធ្វើបុណ្យទានផងនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ជាលទ្ធផល ក្នុងរយៈពេល៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋចំនួន១១៩.៤៩០នាក់ បានជឿទុកចិត្ត និងមកទទួលសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ កើនឡើងចំនួន ៣៣.៦៤១នាក់ ស្មើនឹង ៣៩%។ ជាមធ្យម ក្នុងពលរដ្ឋម្នាក់ ត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺនរៀល ឬ២៥ដុល្លារអាម៉េរិក សម្រាប់ការធ្វើដំណើរទៅមក ហើយមធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុបរបស់ប្រជាពលរដ្ឋប្រមាណ ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣លានដុល្លារ ដែលចំនួនទឹកប្រាក់នេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានានៅស្រុកកំណើត ជំនួសឱ្យការធ្វើដំណើរតែមួយមុខ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា សេវាដឹកជញ្ជូនឥតគិតថ្លៃ មិនត្រឹមបានជួយសម្រាលបន្ទុកចំណាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតាលីករជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋានផង សំដៅលើកកម្ពស់កំណើនចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋានទាំងមូល៕










Post a Comment