សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសាលាបុណ្យ និងអភិសេកផ្ទាំងគំនូរ នៅស្រុកក្រូចឆ្មារ

 

(ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃអង្គារ ១៥ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នេះ ស្ថិតក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យឆ្លងសាលាបុណ្យ និងអភិសេកផ្ទាំងគំនូរ។

ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ សម្តេច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារសាច់ញាតិយ៉ាងច្រើនកុះករ។ ថ្នាក់ដឹកនាំបានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាព្រះរតនត្រ័យ នមស្សការសមាទានសីល និងស្ដាប់ការស្វាធ្យាយព្រះបរិត្តពីសំណាក់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ និងសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣។

ពិធីបុណ្យដ៏អធិកអធមនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា មហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និង មហាឧបាសិកា លីន គ្រី ដែលជាមាតាបិតាបង្កើត និងមាតាបិតាក្មេករបស់ថ្នាក់ដឹកនាំ ដើម្បីជាកិច្ចតបស្នងសងគុណ និងបង្ហាញពីទឹកចិត្តកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត។




















Powered by Blogger.