សេចក្តីអំពាវនាវ ៖ យើងរួមគ្នាដើម្បីការពារកម្ពុជា ប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ! ក្រៅពីប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ តើបងប្អូនសាធារណជនទាំងអស់គ្នាអាចចូលរួមអ្វីបានក្នុងសង្គ្រាមព័ត៌មាន និងសតិអារម្មណ៍ចំពោះមុខ នៃការបំភ្លៃបំផ្លើសរបស់ក្រុមឈ្លានពាន?
នៅចំពោះមុខនៃយុទ្ធសាស្ត្របង្កហេតុមួលបង្កាច់នេះ និងដើម្បីរួមសាមគ្គីគ្នាទប់ស្កាត់ និងបន្សាបការបំភ្លៃ បំផ្លើស និងការមួលបង្កាច់របស់ភាគីថៃ ខ្ញុំសូមអំពាវនាវ និងស្នើសុំបងប្អូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមចូលរួមដូចតទៅ៖
១-បន្តតាមដាន និងទទួលព័ត៌មានពីប្រភពផ្លូវការរបស់កម្ពុជា។ មុននឹងជឿលើការផ្សព្វផ្សាយរបស់ថៃ គឺត្រូវផ្ទៀងផ្ទាត់ជាមុន ឬសាកសួរប្រភព ដែលមានការពាក់ព័ន្ធនឹងរឿងនេះ។ កុំចែករំលែកព័ត៌មាន ដែលមិនមានប្រភពច្បាស់លាស់ ព័ត៌មានក្លែងក្លាយ និងកុំយកប្រភពព័ត៌មានពីសារព័ត៌មានថៃ មកផ្សព្វផ្សាយបន្តដោយមិនបានផ្ទៀងផ្ទាត់ ព្រោះព័ត៌មាន ដែលភាគីថៃផ្សព្វផ្សាយ ជាព័ត៌មានឃោសនា និងជាព័ត៌មានសតិអារម្មណ៍។ ការពិត គឺនៅលើប្រភពព័ត៌មានផ្លូវការរបស់កម្ពុជា និងការពិតនៅកម្ពុជា
២-បន្តចូលរួមនិយាយការពិត នៃការរងគ្រោះរបស់កម្ពុជា ពីការឈ្លានពាន ប្រដាប់អាវុធរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមរយៈការចែករំលែកផ្សព្វផ្សាយព័ត៌មានពីប្រភពផ្លូវការ និងផលិតព័ត៌មាន និងមាតិកា ដែលបង្ហាញដល់ពិភពលោក ពីការពិត និងសូមចូលរួមអំពាវនាវដល់ សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ បញ្ឈប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា។
៣-សូមបងប្អូនសាធារណជន សិល្បករសិល្បការិនី អ្នកបង្កើតមាតិកា ចូលរួមបង្កើតមាតិកា បន្តចូលរួមកាន់តែខ្លាំង បង្កើតមាតិកាលើកទឹកចិត្តកងទ័ព សាមគ្គីភាពជាតិខ្មែរ និងប្រឆាំងដាច់ខាត លើការឈ្លានពានរបស់ថៃ និងអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានយោធាថៃនេះ
៤-ព័ត៌មានក្លែងក្លាយច្រើន និងមានគណនីក្លែងក្លាយ ជាភាសាខ្មែរ ដែលថៃបានបង្កើតដើម្បីផ្សព្វផ្សាយព័ត៌មានសតិអារម្មណ៍ច្រើន។ ដូច្នេះបើបងប្អូនសង្ស័យ ឬដឹងច្បាស់ថាជាគណនីក្លែងក្លាយ សូម Block គណនីនោះចោលតែម្តង និង Report ទៅ Facebook ឬ TikTok ដើម្បីកុំឱ្យគណនីនោះបន្តបំពុលសង្គម។ ចំពោះករណីគណនីក្នុងស្រុក ឬក្រៅស្រុក ដែលព្យាយាមបំពុលព័ត៌មាន សូមបងប្អូមអាច Unfollow ឬ Unfriend ដើម្បីបញ្ឈប់ការទទួលព័ត៌មាន និងទំនាក់ទំនង ករណីមិនចង់ទទួលបន្ត
៥-ពេលបងប្អូនផុស ឬចែករំលែក លើបណ្តាញសង្គម សូមភ្ជាប់ជាមួយនូវ # ជាមួយពាក្យ #TruthfromCambodia #CambodiaNeedsPeace #JusticeForCambodia #Thailandfirefirst #AgaintThaiInvation និងអាចពាក្យគន្លឹះផ្សេងៗទៀត។
ខ្ញុំជឿជាក់ថាសាធារណជន បងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកាទាំងអស់ នឹងចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាឈ្នះ ក្នុងការប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់យោធាថៃ។ យើងម្នាក់ៗ គឺជាទាហានការពារជាតិម្នាក់! សូមគោរពអរគុណ

Post a Comment