កុមារភៀសសឹក បានចូលរៀននៅជំរុំ នៅតែទទូចចង់ទៅផ្ទះវិញ និងស្នើឲ្យថៃបញ្ចប់សង្រ្គាមឈ្លានពានកម្ពុជា


កុមារភៀសសឹកប្រមាណ ៥០០នាក់នៅមណ្ឌលសុវត្ថិភាពមួយកន្លែងក្នុងខេត្តព្រះវិហារ បានចូលរៀននៅក្រោមតង់ នៅតែទទូចចង់ត្រឡប់ទៅផ្ទះវិញ ព្រោះរៀនក្រោមតង់មិនស្រួល ដូចរៀនក្នុងថ្នាក់។ ពួកគេអំពាវនាវឲ្យថៃបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជា និងស្នើឲ្យសហគមន៍អន្តរជាតិ ជួយដល់កុមារកម្ពុជា ដែលកំពុងរស់នៅដោយភាពភិតភ័យក្រោមភ្លើងសង្គ្រាម។

គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១៣ថ្ងៃហើយ ដែលថៃបានឈ្លានពានអធិបតេយ្យភាពកម្ពុជា ដោយប្រើប្រាស់នូវអាវុធខុសច្បាប់គ្រប់ប្រភេទ រួមមានយន្តហោះទម្លាក់គ្រាប់ពីលើអាកាស F16 ផ្សែងពុល រថក្រោះ កំាភ្លើងធំ ដែលមិនត្រឹមតែសំដៅលើមូលដ្ឋានទ័ពកម្ពុជានោះទេ ប៉ុន្តែជាការបាញ់ប្រហារមិនរើសគោលដៅ។ ជាក់ស្តែងសាលារៀន មន្ទីពេទ្យ វត្តអារាម ផ្ទះសម្បែងរបស់ប្រពលរដ្ឋស្លូតត្រង់ត្រូវបានបំផ្លិចបំផ្លាញ។ រីឯកុមារកម្ពុជាជាង ១៣ម៉ឺននាក់កំពុងតែរស់ក្រោមភាពភ័យខ្លាច តក់ស្លុត ជាពិសេសពួកគេកំពុងតែបាត់បង់ឱកាសសិក្សារៀនសូត្រ។ មកដល់ពេលនេះកុមារនៅជំរុំសឹកមួយកន្លែងក្នុងខេត្តព្រះវិហារ កំពុងរៀនក្រោមតង់ដែលក្តៅ មានសំឡេងរំខាន រៀនបានតែ២មុខវិជ្ជាគឺគណិតវិទ្យា និងភាសាខ្មែរ ពីថ្នាក់ទី១ ដល់ទី៦។ ស្ថានភាពលំបាក និងប្រឈមនឹងផលប៉ះពាល់ផ្លូវកាយ ផ្លូវចិត្តកុមារកម្ពុជា បែបនេះ នាំអោយពួកគេអំពាវនាវដល់សហគមន៍អន្តរជាតិជួយរកយុត្តិធម៌ និង ជួយបញ្ចប់សង្គ្រាមឈ្លានពានពីយោធាថៃអោយបានឆាប់បំផុតដើម្បីអោយពួកគេបានត្រឡប់ទៅរៀនសូត្រក្នុងថ្នាក់ដូចដើមវិញ។

តំណាងអ្នកគ្រូ លោកគ្រូ ភៀសសឹក ដែលបានស្ម័គ្រចិត្តបង្រៀនកុមារទាំងនេះ បានអះអាងថា ពួកគេពិតជាបារម្ភចំពោះអនាគតកុមារនៅព្រំដែន ព្រោះពួកគេត្រូវរត់គេចពីសង្គ្រាមម្តងហើយ ម្តងទៀត។ កាលពីឆ្នាំមុនពួកគេមិនទាន់បានបញ្ចប់មេរៀនផង ពេលនេះត្រូវចាប់ផ្តើមមេរៀនថ្មីដោយលំបាក។ តំណាងគ្រូបង្រៀនភៀសសឹកស្នើសុំអោយថៃបញ្ចប់ទង្វើឈ្លានពានលើអធិបតេយ្យភាពកម្ពុជាព្រោះកុមារកម្ពុជា ចង់បានត្រឹមតែសន្តិភាពប៉ុណ្ណោះ។

យោងតាមក្រសួងអប់រំ យុវជន និង កីឡា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ម្ស៊ិលមិញនេះ មានកុមារភៀសសឹកបានចូលរៀនបណ្តោះអាសន្ននៅតាមគ្រឹះស្ថានសិក្សាចំនួន ១៦០២ ក្នុងរាជធានីខេត្ត២២ សិស្សសរុប ៩៤០៧នាក់។ កុមារភៀសសឹកដទៃទៀត មិនទាន់បានចូលរៀននៅឡើយ និងខ្លះទៀតបន្តរៀនក្រោមតង់៕ អត្ថបទ៖ សូដាវណ្ណ










Powered by Blogger.